បរទេស៖ កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ ១៩៨២ យាន Venera 14 របស់សហភាពសូវៀត បានចុះទៅដល់ភពសុក្រ (Venus)។ វាត្រូវបានបាញ់បញ្ជូនទៅភពសុក្រ តែរយៈពេល ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយានភ្លោះរបស់វាមួយទៀត គឺ Venera 13 ដែលត្រូវបានបាញ់បញ្ជូន ឲ្យទៅចុះចតនៅឋាននរកនៃប្រព័ន្ធព្រះអាទិត្យនោះដែរ។
យ៉ាងណាក៏ដោយ Venera 14 បានទៅដល់ និងចុះចតលើផ្ទៃដ៏ក្តៅគគុកនៃភពសុក្រ ក្រោយយាន Venera 13 តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ Venera 14 ត្រូវបានឆ័ត្រយោងរបស់វា បញ្ជូនទៅចុះចតដល់ផ្ទៃភពសុក្រ និងបានប្រមូលយកទិន្នន័យសំខាន់ៗ អំពីបរិយាកាសភពស្ថិតនៅលេខរៀងទី ២ បន្ទាប់ពីព្រះអាទិត្យមួយនេះ ព្រមទាំងបានផ្តិតយករូបភាពមួយចំនួនផងដែរ។
គួរបញ្ជាក់ថា យានទាំងពីរគ្រឿងនេះ បានចុះចតនៅលើទីតាំងផ្សេងៗពីគ្នា ដោយមានចម្ងាយពីគ្នាជាង ១,០០០ គីឡូម៉ែត្រ។ សម្រាប់ Venera 13 ក៏បានផ្តិតយករូបភាពមួយចំនួន ពីភពសុក្រផងដែរ ហើយទាំង Venera 14 និង Venera 13 អាចតស៊ូជាមួយបរិស្ថានភពសុក្រ បានមិនយូរនោះឡើយ ព្រោះសម្ពាធ (pressure) ដ៏តានតឹង និងកម្តៅដ៏ក្តៅគគុក បានសម្លាប់យានទាំងពីរនេះមិនដល់ ១ម៉ោងនោះឡើយក្រោយការចុះចត៕
ប្រភព÷ Cambo Space (វឌ្ឍនៈ)