កាលពីមួយរយៈពេលមុន យើងធ្លាប់បានឃើញរូបភាព Render ទាក់ទងនឹងទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មី ដែលអាចនឹងចេញក្នុងពេលខាងមុខរបស់ OnePlus រួចហើយ ពោលគឺ OnePlus 9 Series នេះឯង ដោយក្នុងនោះគឺថា វាមានរូបរាងកញ្ចប់កាមេរ៉ាផ្នែកខាងក្រោយខុសពី OnePlus 8 និង 8 Pro កន្លងទៅ។ ដោយឡែក នៅក្នុងពេលនេះ យើងទើបទទួលបានរូបភាពលេចធ្លាយថ្មីមួយទៀត និយាយទាក់ទងនឹងរូបរាង របស់ទូរសព្ទឆ្លាតខាងលើនោះដែរ ប៉ុន្តែលើកនេះ ជារូបភាពមានគុណភាពខ្ពស់ ព្រមទាំងបានបញ្ជាក់កាន់តែច្បាស់ជាងមុន។
ជាការពិតណាស់ បើតាមរូបភាព Render របស់ OnePlus 9 Pro ដែលបង្ហាញចេញដោយ LetsGo Digital សហការជាមួយនឹង Concept Creator កាលពីពេលថ្មីៗនេះ បានបញ្ជាក់កាន់តែច្បាស់ថា OnePlus 9 Pro ទំនងជាមានរូបរាងដូចគ្នានឹងរូបភាព Render កាលពីពេលកន្លងទៅដែរ ហើយរូបភាពនោះ គឺត្រូវបានធ្វើឡើងដោយផ្អែកលើដំណឹងលេចធ្លាយ ដែលបង្ហាញដោយប្រភពធំ Onleaks ហ្នឹងឯង។ មិនខុសទេ បើទោះជាមិនមែនរូបភាពដែលបង្ហាញដោយ OnePlus ផ្ទាល់ក៏ដោយ ប៉ុន្តែមានគុណភាពខ្ពស់ជាងពេលកន្លងមក ហើយសម្រាប់រូបរាងផ្នែកខាងក្រោយរបស់វាវិញ យើងឃើញថា មានលក្ខណៈស្រដៀងគ្នានឹង Galaxy S20 FE របស់ Samsung ដែរ ប៉ុន្តែវាមានកាមេរ៉ាក្រោយចំនួន 4 គ្រាប់ ហើយក្នុងនោះ ក៏អាចនឹងមានលេនធំៗចំនួនពីរគ្រាប់ ( អាចជាលេនគោល និងលេនទូលាយ Ultra-Wide ឬ Telephotos ) ជាមួយការរចនារាងស៊ុមរង្វង់ជុំវិញ ខណៈ 2 គ្រាប់ទៀតអាចជាលេនតូចៗ និងត្រូវបានដាក់លាតផ្ទាល់លើតួខ្លួនតែម្ដង មិនមានស៊ុមរាងរង្វង់ជុំវិញនោះទេ ( អាចជាលេន Depth Sensor និងលេន Macro )។
នៅក្នុងកញ្ចប់កាមេរ៉ាក្រោយនោះដែរ ក៏មាន Flash LED ព្រមទាំងរន្ធស្រូបសម្លេងមួយគ្រាប់ នៅជាមួយគ្នាដែរ ហើយទៅលើស៊ុមខាងឆ្វេងរបស់វាវិញ ឃើញមានប៊ូតុងសម្លេង រីឯខាងស្ដាំមានប៊ូតុង Power និងប៊ូតុងសម្រាម់ប្តូរទៅ Silent Mode ផងដែរ។ ចូលមកដល់អេក្រង់ខាងមុខនោះវិញ គេរំពឹងថាអាចមានទំហំ 6.7 អ៊ីញ ហើយបើតាមរូបភាពក៏បញ្ជាក់ថា វាអាចនឹងមានគែមកោង ព្រមទាំងមានលេនទំលុះអេក្រង់មួយគ្រាប់នៅខាងកៀន។ សម្រាប់ពេលវេលាដែល OnePlus គ្រោងនឹងប្រកាសចេញទូរសព្ទឆ្លាតកំពូលរបស់គេខាងលើនោះ គឺមិនទាន់មានដំណឹងបញ្ជាក់ច្បាស់នោះទេ ប៉ុន្តែគេធ្លាប់បង្ហើបផ្ទាល់ដែរថា លើកនេះនឹងប្រកាសចេញវាលឿនជាងរាល់ដង ដូច្នេះគឺអាចមុនខែមីនាតែម្ដង។
ប្រភព: Cambo Report