បើទោះបីជាអ្នកវិទ្យាសាស្រ្ដខិតខំព្យាយាម ធ្វើការសិក្សាស្វែងរក អំពីដានរបស់ដាយណូស័រ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក៏នៅមិនទាន់រកឃើញគ្រប់អស់នោះដែរ ដោយកាលពីពេលថ្មីៗនេះ មានក្មេងម្នាក់អាយុត្រឹមតែ 4 ឆ្នាំ បានប្រទះឃើញដានជើង របស់ដាយណូស័រថ្មីទៀត។ ក្មេងស្រីម្នាក់នោះមានឈ្មោះថា Lily Wilder ហើយគាត់បានរកឃើញដានជើងដាយណូស័រ នៅពេលដែលគាត់កំពុងដើរលេង តាមឆ្នេរសមុទ្រជាមួយក្រុមគ្រួសារ នៅក្នុងប្រទេស Wales នៃចក្រភពអង់គ្លេស។
បន្ទាប់ពីអ្នកវិទ្យាសាស្រ្ដប្រចាំនៅតំបន់នោះ បានយកដានជើងនោះ ទៅត្រួតពិនិត្យ និងពិសោធន៍មើល គឺបានស្វែងរកឃើញថា វាជាដានជើងដាយណូស័រ ដែលមានអាយុកាលដល់ទៅជាង 220 លានឆ្នាំមុនឯណោះ។ ហើយអ្នកវិទ្យាសាស្រ្ដមិនអាចពិនិត្យបានដឹងច្បាស់ថា ដានជើងដែលក្មេងស្រីរកឃើញនោះ គឺជាដាយណូស័រប្រភេទណាមួយ ឲ្យបានដឹងច្បាស់នៅឡើយទេ ដោយឡែកគ្រាន់តែដឹងថា ដាយណូស័រនោះមានបាតជើងប្រវែងខ្ទង់ 10 សង់ទីម៉ែត្រ ហើយអាចមានកំពស់ 75 សង់ទីម៉ែត្រ និងប្រវែងខ្លួនខ្ទង់ 2.5 ម៉ែត្រផងដែរ។ ដូចបានដាក់បង្ហាញជូន នៅក្នុងរូបភាពទាំងអស់នេះ វាគឺជាដានជើងរបស់ដាយណូស័រ ដែលជាប់នៅលើដុំថ្មធំមួយ មានទីតាំងស្ថិតនៅឆ្នេរសមុទ្រ ហើយក្មេងស្រីដ៏សំណាងម្នាក់នោះ ក៏មានឱកាសបានប្រទះឃើញមុនគេតែម្ដង។
ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ ដុំថ្មដែលមានដានជើងដាយណូស័រនោះ ត្រូវបានយកទៅរក្សាទុក នៅឯសារមន្ទីរជាតិ Cardiff ក្នុងប្រទេស Wales នៃចក្រភពអង់គ្លេស យ៉ាងមានសុវត្ថិភាពរួចជាស្រេចហើយ។ ក្រៅពីយកទៅរក្សាទុកនៅទីកន្លែងសុវត្ថិភាព វាក៏អាចត្រូវបានអ្នកវិទ្យាសាស្រ្ដ យកទៅសិក្សាបន្ដទៀតដែរ ដើម្បីស្វែងរកមើលព័ត៌មានរបស់វា ឲ្យកាន់តែលម្អិតជាងនេះ។
ប្រភព: Cambo Report