យើងបានដឹងហើយថា កាលពីខែកក្កដា កន្លងទៅ ប្រទេសចិនបានផ្ញើររូបភាពនៃភពព្រះអង្គារដែលថតបានដោយយានអវកាស Tianwen-1 មកកាន់ផែនដីម្ដងរួចមកហើយ។ ដោយឡែកនៅពេលនេះយានអវកាសរបស់ប្រទេសអារ៉ាប់ Hope ( ក្តីសង្ឃឹម ) ក៏បានបញ្ចូនត្រឡប់មកវិញនូវរូបភាពភពព្រះអង្គារដំបូងរបស់ខ្លួនដែរ។
មិនខុសនោះទេ យានអវកាសរបស់ប្រទេសអារ៉ាប់មួយនេះ បានធ្វើដំណើរចូលទៅក្នុងគន្លងផ្លូវរបស់ភពព្រះអង្គារ កាលថ្ងៃទី ៩ ខែកុម្ភៈមកម៉្លេះ។ ហើយនៅពេលនេះ Hope បានបញ្ចូនរូបភាពមួយសន្លឹកដំបូងមកកាន់ផែនដីវិញ ដើម្បីបង្ហាញថា យានអវកាស Hope ពិតជាបានទៅដល់ទីនោះពិតប្រាកដមែន។ រូបថតមួយសន្លឹកនេះត្រូវបានថតពីរយៈចម្ងាយ ២៤,៧០០ គម ពីផ្ទៃភពអង្គារ ដោយកាមេរ៉ា EXI របស់យានផ្ទាល់តែម្ដង។ វាបានបង្ហាញឲ្យឃើញនូវទិដ្ធិភាពពេលថ្ងៃ និងយប់របស់ភពនេះ ដោយប៉ូលខាងជើងរបស់វាកំពុងចាំងដោយពន្លឺព្រះអាទិត្យនៅពេលព្រឹក ដែលអាចឲ្យយើងមើលឃើញយ៉ាងច្បាស់នូវកំពូលភ្នំភ្លើងចំនួន ៣ តម្រៀបជួរគ្នា ហើយរូបភាពមួយនេះ ក៏ត្រូវបានចែករំលែកជាសាធារណៈនៅលើគណនី Twitter របស់ព្រះអង្គម្ចាស់ Mohammed bin Zayed ផងដែរ។
គួរបញ្ជាក់ដែរថា Hope ឬ ( ក្តីសង្ឃឹម ) គឺជាយានអវកាសមួយក្នុងចំណោម យានអវកាស ៣ ផ្សេងទៀត មានដូចជា Perseverance Rover របស់ NASA និង Tianwen-1 របស់ចិន ដែលបានបង្ហោះចេញកាលពីខែ កក្កដា កន្លងទៅ ក្នុងគោលបំណងទៅសិក្សា ក៏ដូចជាប្រមូលយកព័ត៌មានផ្សេងៗអំពីភពពណ៌ក្រហមមួយនេះជាដើម៕
ប្រភព ÷ Cambo Report