Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

Apple កំពុងសិក្សាលើ MacBook អេក្រង់បត់


ធ្លាប់មានដំណឹងជាច្រើនដែរហើយ ដែលនិយាយទាក់ទងនឹងគម្រោងរបស់ Apple ក្នុងការបញ្ចេញទូរសព្ទអេក្រង់បត់នៅលើទីផ្សារ ដោយកន្លងទៅធ្លាប់មានរបាយការណ៍មកថា គេគ្រោងនឹងប្រកាសចេញនៅអំឡុងឆ្នាំ ២០២៣ ឬ ២០២៤ ខាងមុខនេះ។


ដោយឡែក បើយោងតាមរបាយការណ៍ថ្មី ចេញពីក្រុមអ្នកស្រាវជ្រាវផ្នែកបន្ទះអេក្រង់ DSCC នោះ បានឲ្យដឹងថា នៅក្នុងពេលនេះ Apple បានសម្រេចពន្យាពេលលើគម្រោងបញ្ចេញ iPhone អេក្រង់បត់ ពោលគឺទំនងជាលើកទៅដល់អំឡុងឆ្នាំ ២០២៥ វិញ។ ទន្ទឹមគ្នានេះ គេបន្ថែមទៀតថា Apple កំពុងតែពិភាក្សាគ្នាជាមួយក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់របស់ខ្លួន ទៅលើការសិក្សាលើកុំព្យូទ័រមានអេក្រង់បត់ទំហំខ្ទង់ ២០ អ៊ីញទៀតផង។


ប្រភពខាងលើប្រាប់ថា កុំព្យូទ័រអេក្រង់បត់ដែល Apple កំពុងសិក្សានោះ គឺជាផលិតផលប្រភេទថ្មីសម្រាប់គេ ហើយវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ប្រើបានពីររបៀបដូចជា អាចប្រើដូចកុំព្យូទ័រធម្មតាពេលបត់ ដោយអេក្រង់មួយចំហៀងដើរតួជាម៉ូនីទ័រ និងមួយចំហៀងទៀតជាក្ដារចុច និងរបៀបប្រើមួយទៀត គឺអេក្រង់របស់វាពេលមិនទាន់បត់ ដើរតួជាម៉ូនីទ័រទាំងមូលតែម្ដង ប៉ុន្តែត្រូវភ្ជាប់ជាមួយក្ដារចុចដាច់ដោយឡែកវិញ។

អេក្រង់របស់កុំព្យូទ័រនោះដែរ អាចនឹងមានកម្រិតបង្ហាញ 4K ឬខ្ពស់ជាងនេះ ហើយសម្រាប់ពេលវេលាដែល Apple បានកំណត់សម្រាប់បញ្ចេញនោះ គឺត្រូវបានគេប្រាប់ថា អាចនឹងស្ថិតក្នុងអំឡុងឆ្នាំ ២០២៦ ឬ ២០២៧ ឯណោះ។ បើដំណឹងខាងលើនេះ ជាការពិតមែន យើងឃើញថា Apple ហាក់ដូចជាមិនប្រញ៉ាប់ក្នុងការចូលប្រឡូកលើទីផ្សារ ទូរសព្ទ ឬកុំព្យូទ័រអេក្រង់បត់នោះទេ ជាក់ស្ដែងពេលវេលាខ្ទង់ ៣ ទៅ ៤ ឬ ៥ ឆ្នាំទៀត គឹអាចសមល្មមសម្រាប់គេបញ្ចប់ការសិក្សាលើផលិតផលទាំងនោះ និងបញ្ចេញវាលើទីផ្សារហើយ ព្រោះមានក្រុមហ៊ុនជាច្រើន ក្នុងពេលបច្ចុប្បន្ន កំពុងប្រជែងគ្នាលើវិស័យនេះ៕



ប្រភព÷ Cambo Report

ពីមុន / Previous បន្ទាប់ / Next