ប្រហែលជាជាង 1 សប្តាហ៍មុន មានរបាយការណ៍មួយរាយការណ៍មកថា នៅក្នុងអំឡុងពាក់កណ្តាលខែមីនា ឆ្នាំ 2021 ខាងមុខនេះ OnePlus អាចនឹងរៀបចំព្រឹត្តិការណ៍មួយដើម្បីធ្វើការប្រកាសចេញនូវទូរសព្ទឆ្លាតជំនាន់ថ្មី OnePlus 9 Series ជាផ្លូវការ។ ដោយឡែកនៅក្នុងថ្ងៃនេះ រូបភាពគម្រូរបស់ OnePlus 9 Pro ក៏ត្រូវលេចឡើងមកតាមរយៈគណនីបណ្តាញសង្គម Twitter របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ OnLeaks ផងដែរ។
តាមរយៈរូបភាពគម្រូទាំងនេះ បានធ្វើឲ្យយើងដឹងថា សម្រាប់ផ្នែកខាងមុខ OnePlus 9 Pro នឹងបំពាក់មកជាមួយអេក្រង់លាតកោង អមមកជាមួយលេនទម្លុះអេក្រង់ 1 គ្រាប់ ស្ថិតនៅជ្រុងខាងឆ្វេងនៃផ្នែកខាងលើ។ ចំណែកឯផ្នែកខាងក្រោយវិញ យើងសង្កេតឃើញថា OnePlus 9 Pro មានរចនាបថទម្រង់កាមេរ៉ាស្រដៀងគ្នាទៅនឹង Samsung Galaxy S20 FE អញ្ចឹងដែរ ដោយវានឹងភ្ជាប់មកជាមួយកាណុងកាមេរ៉ា មានរាងជាចតុកោណទាល ផ្ទុកកាមេរ៉ាសរុបចំនួន 4 គ្រាប់ ដោយក្នុងនោះ 2 គ្រាប់ មានទំហំធំ និង 2 គ្រាប់ ទៀតមានទំហំតូច។ បើផ្អែកទៅតាមព័ត៌មានដែលទទួលបាន ក៏បានធ្វើឲ្យយើងបានដឹងផងដែរថា លេនគោលរបស់ OnePlus 9 Pro នឹងមានទំហំ 48MP ខណៈដែលលេនទូលាយ (Ultra Wide) នឹងមានទំហំ 48MP ដូចគ្នា។
ជាងនេះទៅទៀត OnePlus 9 Pro ក៏អាចនឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.7 អ៊ីញ ប្រភេទ AMOLED គាំទ្រអេក្រង់ Refresh Rate 144Hz និងបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅក្រោមអេក្រង់ផងដែរ។ ទៅលើកម្លាំងម៉ាស៊ីន OnePlus 9 Pro នឹងប្រើប្រាស់បន្ទះឈីបលំដាប់កំពូល Snapdragon 875 ទំហំ 5nm គួបផ្សំជាមួយជម្រើស RAM ទំហំ 12GB ផងដែរ។ លើសពីនេះ OnePlus 9 Pro ក៏ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនមកជាមួយបច្ចេកវិទ្យាអាវក្រោះការពារទឹកកម្រិត IP68 ក៏ដូចជាបច្ចេកវិទ្យាសាកថ្មល្បឿនលឿន Warp Charge កម្លាំង 65W និងបច្ចេកវិទ្យាសាកថ្មឥតខ្សែកម្លាំង 40W ថែមទៀតផង៕
ប្រភព: Cambo Report