នៅក្នុងអំឡុងត្រីមាសទី 1 ឆ្នាំ 2021 ខាងមុខនេះ Samsung ត្រូវបានគេជឿថានឹងធ្វើការប្រកាសចេញ Galaxy S21 Series ជាផ្លូវការ។ ជាងនេះទៅទៀត ក៏មានរបាយការណ៍ជាច្រើនរាយការណ៍មកថា នៅក្នុងឆ្នាំក្រោយនេះ Samsung អាចនឹងធ្វើការសម្លាប់ទូរសព្ទឆ្លាតស្ថិតនៅក្នុងត្រកូល Note របស់ខ្លួនចោល ដោយពួកគេនឹងផ្តោតសំខាន់ទៅលើទូរសព្ទឆ្លាតស្ថិតនៅក្នុងត្រកូល Z Fold វិញ។
ទាក់ទងទៅនឹងទូរសព្ទឆ្លាតស្ថិតនៅក្នុងត្រកូល Z Fold នេះដែរ នៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ Gizmochina យើងទទួលបានរបាយការណ៍ថ្មីមួយ រាយការណ៍ដោយភ្នាក់ងារសារព័ត៌មានកូរ៉េ Aju News បាននិយាយថា Galaxy Z Fold3 នឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ 2021 ខាងមុខនេះ។ លើសពីនេះ ប្រភពដដែលនេះ ក៏បានអះអាងទៀថា នៅក្នុងឆ្នាំក្រោយនេះ Samsung នឹងធ្វើការសម្លាប់ទូរសព្ទឆ្លាតស្ថិតនៅក្នុងត្រកូល Note របស់ខ្លួនចោលមែន។ មិនទាន់អស់នោះទេ ប្រភពដដែលនេះ ក៏បានបញ្ជាក់ឲ្យយើងបានដឹងទៀតថា Samsung បានចាប់ផ្តើមអភិវឌ្ឍន៍ទៅលើគម្រូរបស់ Galaxy Z Fold3 សម្រាប់ផលិតជាលក្ខណៈទ្រង់ទ្រាយធំហើយ។
ផ្អែកទៅតាមដំណឹងដែលទទួលបាន ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា Galaxy Z Fold3 នឹងអាចគាំទ្រប៊ិច S Pen ក៏ដូចជាភ្ជាប់មកកញ្ចក់ការពារកម្រាស់ស្តើង Ultra Thin Glass ជំនាន់ថ្មី មានសមត្ថភាពធន់នឹងការសឹកឆ្កូតបានប្រើសើរជាងមុនផងដែរ។ លើសពីនេះ Galaxy Z Fold3 ក៏ត្រូវបានគេរំពឹងថានឹងក្លាយទៅជាទូរសព្ទដំបូងគេរបស់ Samsung ដែលនឹងប្រើប្រាស់កាមេរ៉ាបង្កប់ក្រោមអេក្រង់ថែមទៀតផង។
ប្រភព: Cambo Report