កាលពីម្សិលមិញនេះ ក្នុងប្រទេសប្រេស៊ីល ក្រុមហ៊ុន Motorola បានធ្វើការប្រកាសចេញនូវទូរសព្ទលំដាប់មធ្យម Moto E7 ជាផ្លូវការ។ ជាក់ស្ដែង ទូរសព្ទឆ្លាតលំដាប់ថវិកា ម៉ូឌែលថ្មីមួយនេះ បានបំពាក់មកជាមួយអេក្រង់ IPS LCD និងប្រើប្រាស់បន្ទះឈីប របស់ក្រុមហ៊ុន MediaTek ភ្ជាប់មកជាមួយបច្ចេកវិទ្យាសេវា 5G ដែលមានល្បឿនលឿន ក៏ដូចជាមានថាមពលថ្មធំផងដែរ។
ជាការពិតណាស់ Motorola Moto E7 បានបំពាក់មកជាមួយអេក្រង់លាតទំហំ 6.5 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត 1600 x 720 ភិចសែល អមដោយម៉ូតបែបដំណក់ទឹក សម្រាប់ផ្ទុកកាមេរ៉ាមុខចំនួន 1 គ្រាប់។ ចំពោះកម្លាំងម៉ាស៊ីនវិញ Moto E7 បានប្រើប្រាស់បន្ទះឈីប MediaTek G25 គួបផ្សំជាមួយ RAM ទំហំ 2GB និងអង្គផ្ទុកទិន្នន័យទំហំ 32GB និងវាក៏អាចបន្ថែម microSD បានផងដែរ។ ចំណែកឯផ្នែកកាមេរ៉ា Moto E7 ភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 5MP និងវាមានកាមេរ៉ាក្រោយសរុបចំនួន 2 គ្រាប់ ដោយមួយគ្រាប់ជាលេនគោលទំហំ 48MP និងមួយគ្រាប់ទៀត ជាលេន Macro ទំហំ 2MP។ មិនតែប៉ុណ្ណោះ Moto E7 ភ្ជាប់មកជាមួយថ្មទំហំ 4000mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 10W ផងដែរ។
បន្ថែមពីនេះ Moto E7 មានប្រើប្រាស់រន្ធដោតកាស 3.5mm ប្រើប្រាស់ USB-C, Bluetooth ក៏ដូចជាភ្ជាប់មកជាមួយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ ដែលមានសេនស័រស្ថិតនៅលើខ្នងខាងក្រោយផងដែរ។ ជាចុងក្រោយ Moto E7 ត្រូវបានដាក់លក់នៅទីផ្សារអឺរ៉ុប ក្នុងតម្លៃខ្ទង់ ៥២ ម៉ឺនរៀល ឬ ស្មើនឹង 130 ដុល្លារ។
ប្រភព: Cambo Report