កាលពីយប់មិញនេះ តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន Samsung បានធ្វើការប្រកាសចេញ Galaxy A12 និង Galaxy A02s ជាផ្លូវការ ដោយទូរសព្ទឆ្លាតលំដាប់ថវិកាជំនាន់ថ្មីទាំង 2 នេះ បានបំពាក់មកជាមួយអេក្រង់លាត Infinity-V ទំហំ 6.5 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត HD+ ដូចគ្នា។ ទៅលើកម្លាំងម៉ាស៊ីន Galaxy A12 ប្រើប្រាស់បន្ទះឈីបប្រភេទ Octa-Core អាចរត់បានក្នុងល្បឿនខុ្ពស់បំផុត 2.3GHz ( ត្រូវបានគេរំពឹងថាជាបន្ទះឈីប Helio P35 ) ខណៈដែល Galaxy A02s ប្រាស់បន្ទះឈីបប្រភេទ Octa-Core អាចរត់បានក្នុងល្បឿនខុ្ពស់បំផុត 1.8GHz ( ត្រូវបានគេរំពឹងថាជាបន្ទះឈីប Snapdragon 450 )។
ជាងនេះទៅទៀត Galaxy A12 ក៏បានភ្ជាប់មកជាមួយជម្រើស RAM ទំហំ 3/4/6GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 32/64/128GB ផងដែរ។ ខណៈដែល Galaxy A02s បានភ្ជាប់មកជាមួយ RAM ទំហំ 3GB និងអង្គផ្ទុកទិន្នន័យទំហំ 32/GB។ លើសពីនេះ ម្ចាស់ Galaxy A12 និង A02s ទាំងអស់ ក៏អាចធ្វើការបន្ថែម Memory ពីខាងក្រៅបានរហូតដល់ទៅ 1TB តាមរយៈរន្ធ microSD ថែមទៀតផង។ សម្រាប់ផ្នែកកាមេរ៉ា Galaxy A12 បានភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 8MP និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 48MP, មួយគ្រាប់ជាលេនទូលាយ (Ultra Wide) ទំហំ 5MP, មួយគ្រាប់ទៀតជាលេន Macro ទំហំ 2MP និងមួយគ្រាប់ចុងក្រោយគឺជា Depth Sensor ទំហំ 2MP។ ខណៈដែល Galaxy A02s បានភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 5MP និងកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 13MP, មួយគ្រាប់ជាទៀតលេន Macro ទំហំ 2MP និងមួយគ្រាប់ចុងក្រោយគឺជា Depth Sensor ទំហំ 2MP។
ចំពោះផ្នែកថាមពលថ្មវិញ Galaxy A12 និង Galaxy A02s បានវេចខ្ចប់មកជាមួយថាមពលថ្មទំហំ 5,000mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មកម្លាំង 15W ដូចគ្នា។ បន្ថែមពីនេះ Galaxy A12 ក៏បានភ្ជាប់មកជាមួយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅផ្នែកចំហៀងទូរសព្ទ ក៏ដូចជាជម្រើសពណ៌សរុបចំនួន 4 ផងដែរ ដោយក្នុងនោះរួមមានដូចជាពណ៌ខ្មៅ, ខៀវ, ស និងពណ៌ក្រហម។ ខណៈដែល Galaxy A02s បានកើតមកជាជម្រើសពណ៌សរុបចំនួន 3 ដោយក្នុងនោះរួមមានដូចជាពណ៌ខ្មៅ, ក្រហម និងពណ៌ស។ សម្រាប់ទីផ្សារអឺរ៉ុប Galaxy A12 នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ៨៤ ម៉ឺន ៨ ពាន់រៀល ( 212 ដុល្លារ) ឡើងទៅ ខណៈដែល Galaxy A02s នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ៧១ ម៉ឺន ២ ពាន់រៀល ( 178 ដុល្លារ) ឡើងទៅ។ គួរបញ្ជាក់ផងថា Galaxy A12 នឹងត្រូវដាក់លក់ជាផ្លូវការ នៅក្នុងអំឡុងខែមករា ឆ្នាំ 2021 ខណៈដែល Galaxy A02s នឹងត្រូវដាក់លក់ជាផ្លូវការ នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ 2021 ខាងមុខនេះ។
ប្រភព: Cambo Report