នៅក្នុងពេលបច្ចុប្បន្ននេះ Samsung គឺជាក្រុមហ៊ុនទូរសព្ទឆ្លាត ដែលមានចំណែកទីផ្សារខ្ពស់ជាងគេ មិនថាទូរសព្ទឆ្លាតធម្មតា ឬទូរសព្ទឆ្លាតអេក្រង់បត់នោះទេ ខណៈពេលនេះវិញ ក្រុមហ៊ុនខាងលើ ទំនងក៏កំពុងតែមានគម្រោង ទៅលើទូរសព្ទឆ្លាតអេក្រង់ពន្លាចេញចូល ដូច OPPO X 2021 ដែរ។ ពិតណាស់ នៅក្នុងប៉ាតង់ថ្មីមួយរបស់ Samsung ដែលបង្ហាញដោយការសហការគ្នារវាង Concept Designer និង LETSGO Digital នោះ បានឲ្យឃើញពី គំរូទូរសព្ទឆ្លាតមួយ ដែលមានអេក្រង់ពន្លាចេញចូល ថែមទាំងមានប៊ិចទៀតផង។
ជាកាពិតណាស់ បើតាមការបង្ហាញចេញ ពីប្រភពដូចបានបញ្ជាក់ខាងលើនោះ បានបង្ហាញឲ្យយើងឃើញពីគំរូទូរសព្ទឆ្លាត ដែលមានរចនាបថថ្មីមួយរបស់ Samsung ពោលគឺវាជាទូរសព្ទឆ្លាតអេក្រង់ពន្លាដូច OPPO X 2021 ដែរ ហើយនៅក្នុងចំណងជើងរបស់គេនោះ គេបញ្ជាក់ថា នេះអាចនឹងក្លាយជា Galaxy Note Rollable ព្រោះជាក់ស្ដែងយើងឃើញ វាមានភ្ជាប់មកជាមួយប៊ិច S Pen ទៀតផង។ សម្រាប់រូបរាងរបស់វា គឺដូចទូរសព្ទឆ្លាតធម្មតាដែរ ពេលអេក្រង់មិនទាន់ពន្លា ហើយនៅខាងក្រោយយើងឃើញ រាងកញ្ចប់កាមេរ៉ា មានលក្ខណៈស្រដៀងរូបភាពគំរូរបស់ Galaxy S21 Series ដែរ ខណៈពេលខាងក្រោមនោះ ជាយីហោ Samsung ត្រូវបានដាក់បញ្ឈរស្របតាមឆ្នូតខ្មៅធំមួយ មកដល់កាមេរ៉ាតែម្ដង។
យ៉ាងណាក៏ដោយ នោះគ្រាន់តែរូបគំរូប៉ុណ្ណោះ ដូច្នេះគេមិនទាន់ដឹងពីលក្ខណៈសម្បត្តិខាងក្នុងរបស់វាទេ ប៉ុន្តែសម្រាប់លក្ខណៈសម្បត្តិសំខាន់ៗ ដែលយើងមើលឃើញគឺថា វាមានកាមេរ៉ាក្រោយចំនួន 3 គ្រាប់ និងអាចមានកាមេរ៉ាមុខជាប្រភេទលេនបង្កប់ក្រោមអេក្រង់ ក្រៅពីនេះ វាក៏អាចមានបំពាក់ Speaker ចំនួន 2 គ្រាប់ នៅខាងលើ និងខាងក្រោម ថែមទាំងមានរន្ធដោតកាស ដែលកំពុងតែបាត់វត្តមាន ពីទូរសព្ទឆ្លាតក្នុងពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ដែរថា ខាងលើនេះវាគ្រាន់តែជារូបភាពគំរូសិនប៉ុណ្ណោះ ដូច្នេះយើងមិនទាន់ប្រាកដនោះទេថា Samsung នឹងធ្វើវាឲ្យលេចចេញជារូបរាងមែន ឬមួយក៏អត់ ប៉ុន្តែវាបើតាមមតិជាច្រើនគិតថា ក្រុមហ៊ុននេះទំនងជាធ្វើមែន ព្រោះជាក់ស្ដែងក្នុងពេលបច្ចុប្បន្ន កំពុងតែមានក្រុមហ៊ុនជាច្រើន យកចិត្តទុកដាក់លើទូរសព្ទឆ្លាត ដែលមានអេក្រង់ពន្លាបែបនោះ ជាក់ស្ដែងដូចជា OPPO X 2021 ក៏ដូចជា LG ជាដើម ដែលធ្លាប់ទទួលបានដំណឹងថា គេកំពុងតែធ្វើការទៅលើទូរសព្ទឆ្លាតប្រភេទនោះ យ៉ាងយូរដែរហើយ។
ប្រភព: Cambo Report