ត្រលប់ទៅកាលពីដើមឆ្នាំ 2020 កន្លងទៅ កំពូលអ្នកវិភាគដ៏ល្បីឈ្មោះ Ming-Chi Kuo បានព្យាករណ៍ថា នៅក្នុងឆ្នាំ 2021 ខាងមុខនេះ យើងនឹងបានឃើញវត្តមាន iPhone 13 Series (ឈ្មោះមិនទាន់ផ្លូវការ) យ៉ាងហោចណាស់ក៏មួយម៉ូឌែលដែរ ដែលនឹងមិនភ្ជាប់មកជាមួយរន្ធ Lightning ដោយវានឹងជំនួសមកវិញ តាមរបៀបនៃសាកបញ្ចូលថាមពលថ្ម និងការតភ្ជាប់ទៅកាន់កុំព្យូទ័របែបថ្មី។
ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈ YouTube Channel ( Front Page Tech ) ផ្លូវការរបស់ខ្លួន លោក Jon Prosser ដែលជាកំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះម្នាក់នោះ បានបញ្ជាក់សាជាថ្មីម្តងទៀត iPhone 13 Series ដែលនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងឆ្នាំ 2021 ខាងមុខនេះ ពិតជានឹងមិនភ្ជាប់មកជាមួយរន្ធ Lightning មែន ប៉ុន្តែមានតែ iPhone 13 មួយម៉ូឌែលប៉ុណ្ណោះដែលនឹងមិនភ្ជាប់មកជាមួយរន្ធ Lightning។ បើយោងទៅតាមការព្យាករណ៍របស់លោក Ming-Chi Kuo បានបង្ហាញឲ្យយើងដឹងថា iPhone 13 ដែលនឹងមិនភ្ជាប់មកជាមួយរន្ធ Lightning នោះ អាចជា iPhone 13 ម៉ូឌែលកំពូលខ្ពស់ជាងគេស្ថិតនៅក្នុងចំណោម iPhone 13 Series។
ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះដែរ ប្រហែលជាប្រិយមិត្តមួយចំនួនឆ្ងល់ហើយថា ចុះបើមិនភ្ជាប់មកជាមួយរន្ធ Lightning ទេនោះ តើ iPhone 13 ម៉ូឌែលកំពូលនោះសាកថ្មតាមណា? ផ្អែកទៅតាមព័ត៌មានដែលទទួលបាន បានធ្វើឲ្យយើងដឹងថា Apple អាចនឹងបញ្ចេញបន្ទះ MagSafe ជំនាន់ថ្មី ជាមួយកម្លាំង 20W ឡើងទៅ សម្រាប់សាកបញ្ចូលថាមពលថ្មទៅឲ្យ iPhone 13 ដែលមិនបានភ្ជាប់មកជាមួយរន្ធ Lightning ក៏ដូចជាមានសមត្ថភាពអាចតភ្ជាប់ទៅកាន់កុំព្យូទ័រដើម្បីផ្ទេរទិន្នន័យ និងឯកសារផ្សេងៗផងដែរ។
ប្រភព: Cambo Report