កម្ពុជាចង់បានសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់បទឈប់បាញ់ និងស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តពោធិ៍សាត់


អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា កាលពីព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលដឹកនាំដោយប្រធានបេសកកម្មមកពីប្រទេសហ្វីលីពីន ដើម្បីចុះបំពេញបេសកកម្មនៅតំបន់ព្រំដែន។

ការចុះសង្កេតការណ៍នេះ បានធ្វើឡើងនៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគោលបំណងពិនិត្យ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ក៏ដូចជាតាមដានការអនុវត្តវិធានការនានា ដែលមានចែងក្នុងសេចក្តីប្រកាសរួមក្រោយពេលបទឈប់បាញ់ត្រូវបានចូលជាធរមាន។

នៅក្នុងបេសកកម្មនេះ កម្ពុជាបានបង្ហាញនូវជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដោយចាត់ទុកថាការអនុវត្តអាណត្តិរបស់ក្រុមការងារនេះ គឺជាយន្តការមិនអាចខ្វះបានក្នុងការធានាឱ្យបាននូវតម្លាភាព គណនេយ្យភាព និងការកសាងទំនុកចិត្តរវាងប្រទេសកម្ពុជានិងថៃ។

បន្ថែមពីនេះ កម្ពុជាក៏បានសម្តែងនូវការស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្តផ្សេងទៀត ដែលមានបំណងចូលរួមចំណែកជួយដល់កិច្ចការសន្តិសុខព្រំដែននេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្រសួងការពារជាតិក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាព និងសេចក្តីថ្លែងការណ៍រួមនានាដែលសម្រេចបានកាលពីចុងឆ្នាំ២០២៥ កន្លងទៅ។ ការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ គឺធ្វើឡើងក្នុងគោលដៅឆ្ពោះទៅរកការស្តារស្ថានភាពនៅតាមព្រំដែនឱ្យវិលត្រឡប់ទៅរកភាពប្រក្រតីវិញក្នុងពេលឆាប់ៗ ដើម្បីធានាបាននូវសុវត្ថិភាព សន្តិភាព និងស្ថិរភាពយូរអង្វែង សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕











ប្រភព៖​ ក្រសួងពត៍មាន
ពីមុន បន្ទាប់