កម្ពុជាចង់បានសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

ការស្ដាប់បង្គាប់ (Obedience)


មេរៀន៖ ការស្ដាប់បង្គាប់ (Obedience)
រៀបរៀងដោយ: ខាត់ សុខគីម

គោលបំណងនៃមេរៀន៖
. យល់ដឹងពីអត្ថន័យពិតប្រាកដនៃការស្តាប់បង្គាប់តាមព្រះបន្ទូល។
. ស្គាល់ពីផលវិបាកនៃការមិនស្តាប់បង្គាប់ និងពរជ័យដែលទទួលបានពីការស្តាប់បង្គាប់។
. បណ្តុះចិត្តគំនិតក្នុងការរស់នៅស្តាប់បង្គាប់ព្រះ និងថ្នាក់ដឹកនាំដោយស្ម័គ្រចិត្ត។


I. តើអ្វីទៅជាការស្ដាប់បង្គាប់?
ការស្តាប់បង្គាប់ គឺជាការគោរព ទទួលយក និងអនុវត្តតាមបង្គាប់ តាមដំបូន្មាន ការណែនាំ ឬច្បាប់វិន័យដែលកំណត់ដោយបុគ្គលដែលមានសិទ្ធិអំណាច ឬអ្នកដែលមានបទពិសោធន៍ជាង (ដូចជា ឪពុកម្តាយ គ្រូបង្រៀន មេកើយ ឬច្បាប់រដ្ឋ)។

នៅក្នុងបរិបទផ្សេងៗ ការស្តាប់បង្គាប់មានអត្ថន័យ និងតម្លៃដូចខាងក្រោម៖

១. ក្នុងគ្រួសារ និងការអប់រំ
ក. ការគោរពឪពុកម្តាយ និងអាណាព្យាបាល៖ គឺជារឿងដែលកូនៗអនុវត្តតាមការប្រដៅប្រដំ ដើម្បីក្លាយជាមនុស្សល្អ និងជៀសវាងពីការផ្លូវខុស។

ខ. ការគោរពវិន័យសាលា៖ សិស្សានុសិស្សស្តាប់បង្គាប់លោកគ្រូអ្នកគ្រូ ដើម្បីក្រេបជញ្ជក់ចំណេះដឹង និងរក្សាសណ្តាប់ធ្នាប់ក្នុងថ្នាក់រៀន។

២. ក្នុងសង្គម និងការងារ
ក. ការគោរពច្បាប់រដ្ឋ៖ ប្រជាពលរដ្ឋគ្រប់រូបត្រូវស្តាប់បង្គាប់ និងគោរពច្បាប់រដ្ឋ (ដូចជា ច្បាប់ចរាចរណ៍ ច្បាប់រដ្ឋប្បវេណី) ដើម្បីរក្សាសុវត្ថិភាព និងសន្តិសុខសង្គម។

ខ. ការអនុវត្តតាមតួនាទីក្នុងស្ថាប័ន៖ ក្នុងការងារ បុគ្គលិកត្រូវស្តាប់បង្គាប់ និងធ្វើតាមការណែនាំរបស់ប្រធាន ឬថ្នាក់ដឹកនាំ ដើម្បីសម្រេចបាននូវគោលដៅរួមរបស់អង្គភាព។

៣. ក្នុងបរិបទ (សាសនា) សេចក្តីជំនឿលើព្រះ និងសីលធម៌
ក. ការស្តាប់បង្គាប់ ជារឿយៗត្រូវបានផ្សារភ្ជាប់ទៅនឹង "សេចក្តីកតញ្ញូ" និង "សីលធម៌រស់នៅ" ដែលបង្ហាញពីភាពបន្ទាបខ្លួន និងការឲ្យតម្លៃទៅលើអ្នកដទៃ។

ការស្តាប់បង្គាប់មិនមែនគ្រាន់តែជាការធ្វើតាមដោយបង្ខំចិត្តនោះទេ ប៉ុន្តែវាគឺជាការសម្តែងចេញនូវសេចក្តីស្រឡាញ់ និងការទុកចិត្តទាំងស្រុងទៅលើព្រះដ៏មានគ្រប់ចេស្តា។

ចំណាំសំខាន់៖ ការស្តាប់បង្គាប់ដ៏ល្អ គួរតែដើរទន្ទឹមគ្នាជាមួយនឹង "ការយល់ដឹង និងហេតុផល"។ វាមិនមែនជាការធ្វើតាមដោយងងឹតងងល់នោះទេ ប៉ុន្តែជាការធ្វើតាមដោយដឹងថាអ្វីជាខុស អ្វីជាត្រូវ អ្វីដែលផ្តល់ផលប្រយោជន៍ និងសេចក្តីសុខដល់ខ្លួនឯង និងសង្គមជាតិទាំងមូល។


ខគម្ពីរយោង៖
យ៉ូហាន ១៤:១៥ «បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ នោះត្រូវរក្សាក្រឹត្យវិន័យរបស់ខ្ញុំ»។
សាំយូអែលទី១ ១៥:២២ — «មើល ការស្តាប់បង្គាប់ នោះវិសេសជាងយញ្ញបូជា ហើយការប្រុងស្តាប់ នោះក៏វិសេសជាងខ្លាញ់ចៀមឈ្មោលដែរ»។

II. គំរូដ៏ល្អឥតខ្ចោះនៃការស្ដាប់បង្គាប់
ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏កំពូលនៃការស្តាប់បង្គាប់។ ទ្រង់បានស្តាប់បង្គាប់ព្រះវរបិតារហូតដល់សោយទិវង្គតនៅលើឈើឆ្កាង ដើម្បីបំពេញតាមផែនការសង្គ្រោះ។

ខគម្ពីរយោង៖
ភីលីព ២:៨ «កាលទ្រង់មានរូបរាងជាមនុស្សហើយ នោះទ្រង់បានបន្ទាបខ្លួន ទាំងស្តាប់បង្គាប់រហូតដល់សោយទិវង្គត គឺជារបៀបសុគតនៅលើឈើឆ្កាងផង»។

III. យើងត្រូវបង្ហាញនូវការស្ដាប់បង្គាប់

ព្រះគម្ពីរបានបង្រៀនយើងឱ្យមានការស្តាប់បង្គាប់នៅក្នុងទំនាក់ទំនងសំខាន់ៗចំនួន ៣ ធំៗគឺ៖

១. ការស្តាប់បង្គាប់ចំពោះព្រះ
ជាអាទិភាពទីមួយក្នុងជីវិត ដោយការធ្វើតាមព្រះបន្ទូល និងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ។

យ៉ាកុប ៤:៧ «ដ្បិតបើដូច្នេះ ត្រូវចុះចូលនឹងព្រះចុះ រួចត្រូវតទល់នឹងអារក្ស នោះវានឹងរត់ចេញពីអ្នករាល់គ្នាមិនខាន»។

២. ការស្តាប់បង្គាប់នៅក្នុងគ្រួសារ
កូនៗត្រូវស្តាប់បង្គាប់ឪពុកម្តាយ ដែលជាបទបញ្ញត្តិដ៏មានពរជ័យ។
អេភេសូរ ៦:១-៣ «កូនរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ឪពុកម្ដាយខ្លួនក្នុងព្រះអម្ចាស់ចុះ ដ្បិតធ្វើដូច្នោះទើបត្រូវ... ដើម្បីឲ្យអ្នកបានសេចក្ដីសុខ ហើយឲ្យមានអាយុយឺនយូរនៅលើផែនដីផង»។

៣. ការស្តាប់បង្គាប់ចំពោះថ្នាក់ដឹកនាំ និងអាជ្ញាធរ
ការគោរពនិងស្តាប់បង្គាប់ថ្នាក់ដឹកនាំ (ទាំងក្នុងសហគមន៍ សាសនា និងរាជរដ្ឋាភិបាល) ព្រោះអំណាចទាំងនោះមកពីព្រះ។

រ៉ូម ១៣:១ «មនុស្ស​គ្រប់​រូប​ត្រូវ​ស្ដាប់​បង្គាប់​អាជ្ញា‌ធរ ដ្បិត​អំណាច​ទាំង‌ឡាយ​សុទ្ធ​តែ​មក​ពី​ព្រះ‌ជា‌ម្ចាស់ គឺ​ព្រះអង្គ​បាន​តែង‌តាំង​ឲ្យ​មាន​អំណាច​ទាំង​នោះ​ឡើង»។

ហេព្រើរ ១៣:១៧ «ចូរ​ទុក​ចិត្ត​លើ​អ្នក​ដឹក​នាំ​បងប្អូន ព្រម​ទាំង​ស្ដាប់​បង្គាប់​លោក​ទាំង​នោះ​ទៀត​ផង ដ្បិត​លោក​តែងតែ​ថែរក្សា​ព្រលឹង​បងប្អូន​ជានិច្ច ព្រោះ​លោក​នឹង​ទទួល​ខុស​ត្រូវ​លើ​បងប្អូន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ បើ​បងប្អូន​ស្ដាប់​បង្គាប់​លោក លោក​នឹង​បំពេញ​មុខងារ​នេះ​ដោយ​អំណរ គឺ​មិន​មែន​ដោយ​ថ្ងូរ​ទេ។ ប្រសិន​បើ​ពួក​លោក​បំពេញ​មុខងារ ទាំង​ថ្ងូរ បងប្អូន​មុខ​ជា​គ្មាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ»។

IV. លទ្ធផលនៃការស្ដាប់បង្គាប់ និង លទ្ធផលនៃកាមិនស្ដាប់បង្គាប់
១.ការមិនស្ដាប់បង្គាប់ (Disobedience)
ក. នាំមកនូវអំពើបាប និងការបែកបាក់
ខ. បាត់បង់ព្រះពរ និងការការពារពីព្រះ
គ. នាំទៅរកផ្លូវវិនាស (គំរូ៖ អ័ដាម និងអេវ៉ា)

២.ការស្ដាប់បង្គាប់ (Obedi
ក. នាំមកនូវសេចក្តីសុខសាន្ត និងការផ្សះផ្សា
ខ. ទទួលបានព្រះពរ និងការប្រគត់ប្រគង
គ. នាំទៅរកជីវិតដែលមានផ្លែផ្កា និងជោគជ័យ

ខគម្ពីរយោង៖
ចោទិយកថា ២៨:១-២ «ប្រសិនបើអ្នកស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះរបស់អ្នក... នោះគ្រប់ទាំងពរជ័យទាំងនេះនឹងមកលើអ្នក ហើយតាមទាន់អ្នកជាមិនខាន»។

ការអនុវត្ត និងចែករំលែកបន្ត៖
ការស្តាប់បង្គាប់មិនមែនធ្វើឡើងតែនៅពេលដែលយើងយល់ស្រប ឬនៅពេលដែលវាស្រួលនោះទេ ប៉ុន្តែវាជាការសម្រេចចិត្តធ្វើតាមព្រះបន្ទូលក្នុងគ្រប់កាលៈទេសៈ។ ចូរយើងពិនិត្យមើលជីវិតរបស់យើងឡើងវិញ តើមានចំណុចណាខ្លះដែលយើងមិនទាន់បានស្តាប់បង្គាប់ព្រះទាំងស្រុង? ចូរចាប់ផ្តើមស្តាប់បង្គាប់ទ្រង់ពីថ្ងៃនេះតទៅ។





សូមព្រះប្រទានពរ!


ពីមុន បន្ទាប់