ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមស្នងការ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារអនុវត្តតួនាទី ភារកិច្ច និងការងារជំនាញឱ្យកាន់តែមានប្រសិទ្ធភាព នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមស្នងការ បានណែនាំដល់បណ្តាអង្គភាពទាំងអស់ ត្រូវគ្រប់គ្រងកម្លាំងក្រោមឱវាទឱ្យបានច្បាស់លាស់ ព្រមទាំងយកចិត្តទុកដាក់សួរសុខទុក្ខចំពោះមន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺ និងមន្ត្រីដែលមានជីវភាពខ្វះខាត។
បន្ថែមលើការងារបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scams) ឯកឧត្តម ជួន ណារិន្ទ ក៏បានសង្កត់ធ្ងន់ និងណែនាំដល់មន្ត្រីជំនាញ ត្រូវពង្រឹងការងារបង្ការ និងទប់ស្កាត់បទល្មើសជួញដូរមនុស្សយ៉ាងម៉ឺងម៉ាត់ ព្រមទាំងបន្តបង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌផ្សេងៗ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត៕
ប្រភព៖ ក្រសូងព័ត៍មាន



