ទីបំផុតស្មាតហ្វូនកំពូលរបស់ Sony បានផ្លាស់ប្ដូររូបរាងខុសពីជំនាន់មុនហើយ ដោយនៅមានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ សហការគ្នាជាមួយ ZEISS optics និង T* coating ដដែល។
Sony Xperia 1 VIII មានទម្ងន់ 200g និងកម្រាស់ 8.3mm ដែលមានអាវការពារទឹក/ធូលី IP65+IP68 ជាមួយអេក្រង់ 6.5” ខ្នាត 19.5:9 គុណភាព FHD+ OLED HDR កម្រិត 120Hz refresh rate, កម្រិតពណ៌ DCI-P3 ដល់ 100% គាំទ្រដោយបច្ចេកវិទ្យា BRAVIA, Walkman និង Alpha (α) នៅលើនោះ។
កញ្ចក់អេក្រង់ខាងមុខការពារដោយ Gorilla Glass Victus 2 រីឯខ្នងខាងក្រោយមានកញ្ចក់ Gorilla Glass Victus 1 វិញ ដោយនៅតែឃើញមានប៊ូតុងកាមេរ៉ា, រន្ធដោតកាស 3.5mm, សំឡេង 360 Reality Audio, បាសបំពងសំឡេង Full-stage Dual Stereo គាំទ្រ DSEE Ultimate និង Dolby Atmos ថែមទៀតផង។
ស្មាតហ្វូនថ្មីនេះដើរដោយប្រព័ន្ធប្រតិបត្តិការ Android 16 ជាមួយ Xperia Intelligence ចេញពីប្រអប់ ហើយមានបំពាក់បន្ទះឈីប Snapdragon 8 Elite Gen 5 ជាមួយជម្រើស RAM 12GB + ទំហំផ្ទុក 256GB ឬ RAM 16GB + ទំហំផ្ទុក 1TB ហើយអាចដាក់ microSDXC card ពីខាងក្រៅបានដល់ 2TB បន្ថែមទៀត។
ក្រុមហ៊ុនបានផ្ដល់ជូននូវកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលមានលេនគោលទំហំ 52MP Exmor T 1/1.35", F/1.9 ជាមួយ 24mm focal length បូករួមទាំងលេនមុំទូលាយ Ultra-wide ទំហំ 50MP 1/1.56", F/2.0 ជាមួយ 16mm focal length និងលេនថតឆ្ងាយ Telephoto ទំហំ 50MP 1/1.56", 70mm focal length, F/2.8 ដែលជាសេនស័រមានទំហំធំជាង Xperia 1 VII ដល់ទៅ 4 ដងឯណោះ។ បើកាមេរ៉ាខាងមុខវិញមានទំហំ 12MP 1/2.9", F/2.0 ប្រភេទ Exmor RS ផងដែរ។ មុខងារ AI ជួយទប់លំនឹងពិសេស ក៏ដូចជាជួយចាប់ប្លង់ដោយស្វ័យប្រវត្តិ Auto framing និងអាចថតវីដេអូដល់ 4K@120fps គឺមាននៅលើនោះដូចគ្នា។
នៅលើទីផ្សារអឺរ៉ុប Sony ដាក់លក់ Xperia 1 VIII នៅក្នុងតម្លៃខ្ទង់ €1499 ($1,759) សម្រាប់ជម្រើស 256GB និងតម្លៃខ្ទង់ €1999 ($2,339) សម្រាប់ជម្រើស 1TB តែម្ដង។
ប្រភព: Cambo Report



