នារសៀលថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ហ្វូមីអូ យ៉ាម៉ាដា (Fumio Yamada) ប្រធានក្រុមប្រឹក្សាភិបាលអង្គការ នៃគណៈប្រតិភូសមាគមសហប្រតិបត្តិការជប៉ុន-ខ្មែរ (JCIA) និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងសំណេះសំណាល។
លោកជំទាវរដ្ឋមន្ត្រី បានស្វាគមន៍ លោក ហ្វូមីអូ យ៉ាម៉ាដា និងគណៈប្រតិភូ មកកាន់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសសម្រាប់ជំនួបសំណេះសំណាល និងសម្តែងការគួរសមនៅក្រសួងពាណិជ្ជកម្មនារសៀលនេះ។
លោកប្រធាន ហ្វូមីអូ យ៉ាម៉ាដា ក៏បានជម្រាបជូនអំពីសមាសភាពប្រធានអង្គការ JCIA ថ្មី ជូនលោកជំទាវរដ្ឋមន្ត្រី និងបានបង្ហាញជូនអំពីទិសដៅរបស់អង្គការ JCIA ដែលជាដៃគូសហការ ដែលបានផ្តល់ការគាំទ្រដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពាធិ៍សែនជ័យ លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា ការបញ្ជូនកម្មសិក្សាការីទៅធ្វើការនៅប្រទេសជប៉ុន ជួយបង្កើតមជ្ឍមណ្ឌលថែទាំមនុស្សចាស់ និងសេវាសង្គមផ្សេងៗ និងជម្រុញការវិនិយោគពីជនជាតិជប៉ុនក្នុងវិស័យសង្គម និងឧស្សាកម្មនៅកម្ពុជា។
ប្រភព: ក្រសួងព័ត៌មាន