ថ្ងៃអង្គារ ១០កើត ខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលទ្ធិសម្ភារៈនិយមវិចារវិទ្យា ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៥៨៥នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលេចនូវភាពចាំបាច់នៃការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំសុខាភិបាល គ្រប់ជាន់ថ្នាក់ក្នុងការចូលរួមបង្កើតលទ្ធភាពដែលធ្វើឱ្យវិស័យសុខាភិបាល អាចមានភាពរីកចំរើននាពេលកន្លងមកនឹងទៅអនាគត។
ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងចំនុចគន្លឺះ ២ នៃចំនុចគន្លឺះចំនួន៨ ដែលអ្នកដឹកនាំម្នាក់ៗត្រូវបំពេញ ដើម្បីក្លាយទៅជាអ្នកដឹកនាំស្ថិតនៅក្នុងភាពសកម្ម (a leader need to be in action)។ ចំនុចគន្លឹះទាំង២ រួមមាន៖ ១) អ្នកដឹកនាំត្រូវមានការត្រៀមខ្លួន និងរស់រវើកជាប់ជានិច្ច(be attentive) ទៅលើកត្តាផ្សេងៗដែលអាចប៉ះពាល់ដល់ភាពជោគជ័យ ឬ បរាជ័យរបស់គម្រោងការងារ។ ២)អ្នកដឹកនាំត្រូវមានការព្យាយាមស្វិតស្វាញ (perseverance) និងប្រកាន់យកឥរិយាបទវិជ្ជមានពេលប្រឈមនឹងឧបសគ្គចំពោះមុខ។ ក្រៅពីចំនុចគន្លឺះលើភាពជាអ្នកដឹកនាំទាំងពីរខាងលើនេះ ឯកឧត្តមសាស្រ្តាចារ្យ បានបន្តរលើកយកទ្រឺស្តីនៃការយល់ដឹងរបស់មនុស្សតាមលទ្ធិសម្ភារៈនិយមវិចារវិទ្យា ដោយធ្វើការពន្យល់ពីការវិវត្តន៍នៃការយល់ដឹងរបស់មនុស្ស ដែលអាចកើតឡើងដោយ ការពិចារណារបែបសកម្ម និងការវិវត្តន៍របស់សង្គម និងពិភពលោក។
ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីមន្ទីរពេទ្យបង្អែក ស៊ីធរកណ្តាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង។
ប្រភព: ក្រសួងព័ត៌មាន