ប្រទេសចិនត្រូវបានគេដឹងថា កំពុងត្រៀមអភិវឌ្ឍមន្ទីរពិសោធន៍ ដើម្បីបម្រើដល់មហិច្ឆតាស្រាវជ្រាវទីអវកាសឆ្ងាយៗ (deep-space exploration laboratory) ក្នុងនោះការស្រាវជ្រាវឋានព្រះចន្ទបន្ថែមទៀត គឺស្ថិតនៅក្នុងគោលដៅចម្បង មុននឹងមហាយក្សអាស៊ីមួយនេះ បោះជំហានបន្ថែមទៅរកភពនានា រួមទាំងភពអង្គារដែលខ្លួនកំពុងស្រាវជ្រាវស្រាប់។
បច្ចុប្បន្ននេះ សមិទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រ និងអវកាសសំខាន់ៗ ដែលប្រទេសចិនសម្រេចបានគួរជាទីមោទនៈនោះ មានដូចជា បេសកកម្ម ឆាងអឺ (Changé) នៅឋានព្រះចន្ទ, បេសកកម្ម ធានវិន-១ (Tianwen-1) នៅភពព្រះអង្គារ និងស្ថានីយអវកាសផ្ទាល់ខ្លួន ធានហឺ (Tianhe)។ ក៏មានបេសកកម្មអវកាសជាច្រើនទៀត ដូចជាការបង្ហោះផ្កាយរណបស្រាវជ្រាវអាចម៍ផ្កាយ, ការបាញ់បង្ហោះផ្កាយរណប ដើម្បីអង្កេតភពផែនដី និងការចូលរួមក្នុងវិស័យតារាសាស្ត្រ តាមរយៈបណ្តាញតេឡេស្កូបលើដី ដូចជាតេឡេស្កូប FAST ដែលធំជាងគេនៅលើពិភពលោកនោះផងដែរ។
សម្រាប់ថ្ងៃអនាគត, មន្ទីរពិសោធន៍វិទ្យាសាស្ត្រ និងអវកាស ធានទូ (Tiandu) ដ៏ធំធេងរបស់ចិននឹងត្រូវចាប់ផ្តើមធ្វើប្រតិបត្តិការ ក្រោមការជួយជ្រោមជ្រែងពី រដ្ឋបាលអវកាសជាតិចិន (CNSA)។ Tiandu នឹងក្លាយជាទីកន្លែងដែលក្រុមអ្នកវិទ្យាសាស្ត្រ, បច្ចេកទេស និងវិស្វករចិន រួមគ្នាបំពេញការងារដោយផ្តោតសំខាន់ទៅលើ គម្រោងស្រាវជ្រាវនៅទីអវកាសឆ្ងាយៗ។
ទោះបីជា CNSA មិនទាន់បង្ហើបអ្វីច្រើននៅឡើយ ជុំវិញគម្រោងបង្កើតមន្ទីរពិសោធន៍ Tiandu ខាងលើនេះក្តី ក៏ប្រធានស្ថាប័នអវកាសកំពូលរបស់ប្រទេសចិននេះ គឺលោក ចាង ខឺចៀន (Zhang Kejian) បានប្រាប់ត្រួសៗថា Tiandu នឹងជួយគាំទ្រដល់បេសកកម្មស្រាវជ្រាវឋានព្រះចន្ទ, កម្មវិធីសិក្សាភព, ការបង្កើតស្ថានីយស្រាវជ្រាវព្រះចន្ទអន្តរជាតិ (ILRS) និង ផែនការក្នុងការបង្កើតប្រព័ន្ធការពារអាចម៍ផ្កាយជាដើម។
គួរបញ្ជាក់ថា ការបង្កើតមន្ទីរពិសោធន៍ Tiandu របស់ប្រទេសចិន ក៏ស្ថិតនៅក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យអវកាសរវាងចិន ជាមួយនឹងបណ្តាប្រទេស-តំបន់ជាច្រើនទៀតផងដែរដូចជា អឺរ៉ុប និងរុស្ស៊ីជាដើម។ ប្រទេសចិនបានអះអាងរួចជាស្រេចថា ការអភិវឌ្ឍមន្ទីរពិសោធន៍ Tiandu នឹងស្ថិតក្នុងការលក្ខណៈបើកចំហ, ដូច្នេះប្រទេសនានាដែលចាប់អារម្មណ៍ នឹងអាចចូលរួមបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនបាន៕
ប្រភព÷ Cambo Space