ស្របពេលជាមួយនឹងរបាយការណ៍ដែលបានបង្ហើបថា Samsung បាននឹងកំពុងធ្វើការបញ្ជាទិញបន្ទះអេក្រង់សម្រាប់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Flip 4 ច្រើនជាងឆ្នាំមុន ហើយពេលនេះលោក Ross Young ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Display Supply Chain Consultants ហៅកាត់ DSCC ក៏បានបង្ហើបព័ត៌មានទាក់ទងនឹងបន្ទះអេក្រង់ដែលត្រូវប្រើនៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Google Pixel 7 និង Pixel 7 Pro ផងដែរ។
បើតាមការបញ្ជាក់ពីលោក Ross Young បាននិយាយថា Google Pixel 7 នឹងប្រើបន្ទះអេក្រង់ទំហំ 6.3 អ៊ីញ តូចជាងជំនាន់ Google Pixel 6 ដែលមានទំហំ 6.4 អ៊ីញ ខណៈម៉ូដែល Google Pixel 7 Pro នឹងមានទំហំ 6.7 អ៊ីញប៉ុនទំហំអេក្រង់របស់ Google Pixel 6 Pro។
បន្ថែមពីនេះបន្ទះអេក្រង់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់អេក្រង់ត្រូវបានគេរំពឹងថា អាចនឹងចាប់ផ្តើមដឹកជញ្ចូនចេញក្នុងខែឧសភា គឺមុនមួយខែធៀបនឹងជំនាន់ Google Pixel 6 Series។ លោក Young ក៏បានបញ្ជាក់នៅក្នុងគណនី Tweeter ថា Google Pixel 7 Pro នឹងប្រើបច្ចេកវិទ្យាអេក្រង់ LTPO-OLED Display ដែលមានកម្រិតល្បឿន refresh rate 120Hz។ ការផ្លាស់ប្តូរទំហំអេក្រង់សម្រាប់ម៉ូដែល Pixel 7 គឺបង្ហាញថាស្មាតហ្វូនជំនាន់ថ្មីនេះមានទំហំខ្លួនតូចជាងជំនាន់ Pixel 6។
បើតាមរូបភាព render របស់ Google Pixel 7 និង Pixel 7 Pro ដែលបានបែកធ្លាយថ្មីៗនេះបង្ហាញថា ការឌីស្សាញរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺប្រហាក់ប្រហែលគ្នានឹង Google Pixel 6 Series ដដែល ប៉ុន្តែ មានការផ្លាស់ប្តូរទៅលើការរៀបចំលែនកាមេរ៉ាតែ។ បើតាមប្រភពបាននិយាយថា Google Pixel 7 និង Google Pixel 7 Pro នឹងប្រើលេខកូដម៉ូដែលថា Cheetah និង Panther ហើយនឹងប្រើបន្ទះឈីប Tensor ជំនាន់ទីពីរដែលភ្ជាប់ជាមួយឈីប 5G ស៊េរី Exynos Modem 5300 របស់ Samsung៕
ប្រភព÷ ទស្សនាវដ្តីអេឡិចត្រូនិច