Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

កាលពីជាង ៤១,០០០ ឆ្នាំមុន ពន្លឺស្ថិតនៅលើប៉ូលផែនដី បានរំកិលមកក្បែរតំបន់អេក្វាទ័រ តើមកពីមូលហេតុអ្វី?


( អាមេរិក ): នៅពេលនិយាយអំពីពន្លឺអូរ៉ូរ៉ា ( Aurora ) ឬសំរាំងប៉ូល គ្រប់គ្នាប្រាកដជាគិតថា វាអាចកើតឡើងតែនៅលើតំបន់ជុំវិញប៉ូលទាំងពីរ នៃភពផែនដីយើងនេះប៉ុណ្ណោះ ប៉ុន្តែតាមការពិតទៅ បាតុភូតដ៏កម្របំផុតនេះ ក៏ធ្លាប់បានរាលដាលមកក្បែរតំបន់ខ្សែអេក្វាទ័រផងដែរ។

បាតុភូតកម្រពីលើតំបន់អេក្វាទ័រនោះ ទំនងជាបានកើតមានឡើងកាលពី ៤១,០០០ឆ្នាំមុនមកម្ល៉េះ នៅពេលដែលចលនារអាក់រអួល នៃដែនម៉ាញេទិចភពផែនដី បានរុញច្រានពន្លឺ Aurora ពីតំបន់ប៉ូលឆ្ពោះទៅរកតំបន់ខ្សែអេក្វាទ័រវិញ។ ប្រការនេះមានន័យថា មនុស្សលោកយើងដែលរស់នៅលើដែនដី នៅតាមបណ្តាយខ្សែអេក្វាទ័រក្នុងយុគសម័យនោះ អាចបានមើលឃើញបាតុភូតពន្លឺ Aurora នៅលើផ្ទៃមេឃពេលរាត្រី។


សម្រាប់ភាសាបច្ចេកទេស បាតុភូតពន្លឺ Aurora ដែលបានប្តូរទៅកើតមានឡើងនៅក្បែរតំបន់អេក្វាទ័រវិញនោះ ត្រូវបានបង្កឡើងដោយចលនារអាក់រអួល នៃដែនម៉ាញេទិចនោះគឺមានឈ្មោះថា «Laschamp event» ឬ «Laschamp excursion»។ វាគឺជាពេលដែលដែនម៉ាញេទិចអឌ្ឍគោលខាងជើង និងខាងត្បូងចុះខ្សោយ ទើបប៉ូលម៉ាញេទិចផ្អៀងមករកតំបន់កណ្តាលវិញ នោះគឺខ្សែអេក្វាទ័ររបស់ផែនដី ហើយនៅទីបំផុតពន្លឺ Aurora បានមកកកើតនៅតំបន់នោះតែម្តង។

បើតាមការលើកឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក ដែលបានបើកសន្និបាតមួយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ រៀបចំឡើងដោយ «សហភាពភូគព្ភសាស្ត្រអាមេរិក» ឬ American Geophysical Union (AGU) នៅទីក្រុង New Orleans បានឲ្យដឹងថា ភពផែនដីត្រូវការពេល ១,៣០០ឆ្នាំ បន្ទាប់ពីភាពរអាក់រអួល នៃដែនម៉ាញេទិចផែនដី កាលពី ៤១,០០០ឆ្នាំនោះ ដើម្បីជួសជុលគ្រប់យ៉ាងឲ្យវិលរកភាពប្រក្រតីវិញ។


គួរបញ្ជាក់តាមការសិក្សាដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រ អវកាស និងអាកាសធាតុនៃរដ្ឋ Michigan សហរដ្ឋអាមេរិកបានឲ្យដឹងថា បាតុភូតកាលពី ៤១,០០០ឆ្នាំមុននោះ ក៏បានបណ្តាលឲ្យអាកាសធាតុភពផែនដីប្រែប្រួល និងប៉ះពាល់ដល់ជីវិតរស់នៅ របស់មនុស្សលើភពផែនដី ក្នុងយុគសម័យនោះផងដែរ។ ការព្យាយាមសិក្សាពីអតីតកាល និងបច្ចុប្បន្នកាល ពិតជាមានប្រយោជន៍ដ៏សំខាន់ទៅដល់ការតាមដែន បម្រែបម្រួលនៃភពផែនដី ដែលនឹងជះឥទ្ធិពលដល់ជីវិតមនុស្សនៅថ្ងៃអនាគត៕




ប្រភព÷ Cambo Space

ពីមុន / Previous បន្ទាប់ / Next