Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

នៅទីបំផុតក្រុមហ៊ុន Toyota បង្ហាញពីរូបរាងរថយន្តអគ្គិសនីពេញលេញដំបូងរបស់ខ្លួនហើយ


 កាលពីខ្ទង់ ២ ខែមុន យើងបានដឹងហើយ Toyota បានប្រកាសថា ខ្លួននឹងដាក់បង្ហាញរថយន្តអគ្គិសនីពេញលេញចំនួន ២ ម៉ូឌែលក្នុងឆ្នាំនេះ ប៉ុន្តែនាពេលនោះ គេមិនទាន់ប្រាប់យើងឲ្យដឹងទេ ថាជាម៉ូឌែលអ្វីខ្លះ។ ថ្មីៗមុននេះ Toyota បានបង្ហាញរថយន្តអគ្គិសនីពេញលេញដំបូងរបស់ខ្លួនជាផ្លូវការហើយ ប៉ុន្តែគ្រាន់តែបញ្ចេញរូបរាងឲ្យមើលសិនប៉ុណ្ណោះ មិនទាន់បានបញ្ជាក់ពីលក្ខណៈសម្បត្តិសំខាន់ៗរបស់វា ឲ្យយើងដឹងនៅឡើយទេ ដោយក្នុងនោះ យើងឃើញថាមានរាងកាត់ទៅរកម៉ូឌែល Toyota Rav4 Prime ច្រើនដែរ។


មិនខុសទេ ក្នុងចំណោមរថយន្តអគ្គិសនីទាំងអស់ Toyota បានដាក់បញ្ចូលវា ទៅក្នុងត្រកូលថ្មីមួយរបស់ខ្លួន ដែលត្រូវបានគេហៅថា Beyond Zero ហើយក្នុងត្រកូលថ្មីនេះ គឺគេបានបង្ហាញឲ្យឃើញម៉ូឌែលដំបូងមួយ ដែលជារថយន្តអគ្គិសនីពេញលេញ ត្រូវបានហៅថា bZ4X តែម្ដង ដែល bZ តំណាងឲ្យពាក្យពេញ Beyond Zero នោះឯង។ ដូចដែលយើងបានឃើញអញ្ចឹង ម៉ូឌែល bZ4X នេះ គឺជារថយន្តប្រភេទ SUV ហើយគេបង្ហាញត្រឹមរូបគំរូសិនប៉ុណ្ណោះ រីឯលក្ខណៈសម្បត្តិវិញ ក្រុមហ៊ុនផ្ទាល់បញ្ជាក់ថា នឹងបង្ហាញប្រាប់នៅពេលក្រោយ។ Toyota ក៏បានប្រាប់ដែរថា ពួកគេសង្ឃឹមថា នឹងចាប់ផ្តើមដាក់លក់រថយន្តអគ្គិសនីម៉ូឌែលខាងលើនេះ ចាប់ពីអំឡុងពាក់កណ្ដាលឆ្នាំក្រោយទៅ ក្នុងទីផ្សារអាមេរិកផងដែរ។


ទោះជាក្រុមហ៊ុនផ្ទាល់ មិនទាន់បញ្ជាក់ពីលក្ខណៈសម្បត្តិរបស់រថយន្ត bZ4X នេះក៏ដោយ ប៉ុន្តែកន្លងមកយើងធ្លាប់បានដឹងហើយថា វានឹងប្រើប្រាស់បច្ចេកវិទ្យាអគ្គិសនីហៅថា e-TNGA នេះឯង ដែលជាបច្ចេកវិទ្យាមួយត្រូវបាន Toyota រួមសហការគ្នាបង្ហើតជាមួយក្រុមហ៊ុន Subaru ហើយវាក៏នឹងមានម៉ូឌែល All-Wheel Drive ដូចគ្នា។


Toyota ក៏បានបង្ហាញពីទស្សនៈវិស័យរបស់ខ្លួននាពេលអនាគតដែរ ជាក់ស្ដែងគេប្រាប់ថា នឹងប្រកាសចេញរថយន្តអគ្គិសនី ៧០ ប្រភេទផ្សេងៗគ្នា គិតត្រឹមឆ្នាំ ២០២៥ ខាងមុខនេះ ហើយក្នុងចំណោមនោះដែរ គឺមានប្រមាណ ១៥ ម៉ូឌែលគឺជារថយន្តអគ្គិសនីពេញលេញតែម្ដង។ អញ្ចឹងហើយ នេះគឺជារូបរាងគំរូដែល Toyota បានបង្ហាញឲ្យយើងឃើញជាមុន ដោយអ្នកទាំងអស់គ្នា អាចស្វែងយល់បន្ថែមបាន តាមរយៈរូបភាពនៅខាងលើ និងខាងក្រោមនេះ ហើយសម្រាប់ចំណុចសំខាន់ផ្សេងៗ ដែល Toyota នឹងប្រាប់ពេលក្រោយនោះ យើងនឹងរង់ចាំមើលបន្តទៀត ព្រមទាំងនឹងរាយការណ៍ ទៅកាន់ប្រិយមិត្តបន្ថែម នាពេលនោះដូចគ្នា៕

សូមចុចអានខ្លឹមសារអត្ថបទដើមទាំងស្រុងរបស់ខេមបូរីផតនៅខាងក្រោមនេះ ÷

ពីមុន / Previous បន្ទាប់ / Next