គិតមកដល់ថ្ងៃនេះ គឺនៅសល់រយៈពេលប្រហែលជា ៥ ទៅ ៦ ខែទៀតឯណោះ សម្រាប់កាលបរិច្ឆេតនៃការបង្ហាញវត្តមានរបស់ iPhone ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple។ ប៉ុន្តែថ្ងៃនេះស្រាប់តែមានការបែកធ្លាយនូវព័ត៌មានថ្មីមួយ គឺបានបង្ហាញនូវរូបគំរូ iPhone 13 ហើយ ដែលរូបភាពនេះគឺត្រូវបានទម្លាយដោយ leakster ដែលមានឈ្មោះថា David Kowalski ឬហោថា ( @xleaks7 ) ដែលបានចាប់ដៃគូជាមួយ Coverpigtou។ រូបភាពគំរូថ្មីរបស់ iPhone 13 ថ្មីនេះ គឺមានពណ៌ក្រហមស្រស់ស្អាតមែនទែន។
បើយើងមើលទៅលើការរចនារបស់គំរូស្មាតហ្វូននេះ គឺស្រដៀងគ្នាជាមួយ iPhone 12 Series អញ្ចឹងដែរគ្រាន់តែស្តើងជាងមុនបន្តិចហើយសម្រាប់ Notch វិញក៏មានការបង្រួមតូចជាងមុនបន្តិចផងដែរ។ ស្មាតហ្វូន iPhone 13 ថ្មីនេះ គឺមានវិមាត្ររួមទំហំ 146.64x71.5x7.56mm។
សម្រាប់ការផ្លាស់ប្តូរធំបំផុតនោះ គឺនៅផ្នែកខាងក្រោយតែម្តង ដោយកាមេរ៉ាពីរគ្រាប់គឺត្រូវបានតំឡើងដាច់ចេញ និងស្ថិតនៅផ្ទុយពីគ្នា។ កាមេរ៉ានេះ គឺមានដូចគ្នាទៅនឹងការបែកធ្លាយកាលពីម្សិលមិញអញ្ចឹងដែរ។ អ្វីដែលសោកស្តាយនោះ គឺនៅមិនទាន់មានការបញ្ជាក់ពីទំហំកាមេរ៉ារបស់ស្មាតហ្វូននេះនោះទេ។
ទាក់ទងជាមួយលក្ខណៈសម្បត្តិវិញ សម្រាប់ការបែកធ្លាយនូវគំរូថ្មីនេះ គឺត្រូវបានគេដឹងថា និងមានប្រើប្រាស់នូវអេក្រង់ LTOP គ្រប់ម៉ូដែល iPhone 13 Series ទាំងអស់។ ទំហំអេក្រង់ ក៏ត្រូវបានគេបញ្ជាក់ថា ក៏នឹងមានការផ្លាស់ប្តូរផងដែរ ដោយស្មាតហ្វូន iPhone 13 និង iPhone 13 Pro មានទំហំ 6.1 អ៊ីង។ សម្រាប់ iPhone mini មានទំហំ 5.4 អ៊ីង ស្របពេលដែល iPhone 13 Pro Max មានទំហំ 6.7 អ៊ីង។ មានការព្យាករណ៍ថា ក្រុមហ៊ុន Apple និងបង្ហាញវត្តមាន iPhone 13 Series នៅក្នុងខែតុលាខាងមុខនេះហើយជាមួយនឹងតម្លៃចាប់ផ្តើមពី 700 ដុល្លាឡើងទៅ៕