ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៣៥ ឆ្នាំ ដែលរស់នៅ ភូមិឬស្សីចក ឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតមុនពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១០:២០ នាទីព្រឹក។
អ្នកជំងឺចូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១០:២០ នាទីព្រឹក ក្នុងស្ថានភាពសន្លប់ បាត់បង់ស្មារតី និងគ្មានសញ្ញាជីវិត ប៉ុន្តែក្រុមគ្រូពេទ្យបានជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូងអស់រយៈពេល ២០ នាទី ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺ ឲ្យរួចផុតពីសេចក្តីស្លាប់បាន ដោយមានការសង្ស័យក្រុមគ្រូពេទ្យបានយកសំណាករបស់សព ដើម្បីធ្វើការវិភាគរកវីរុសកូវីដ-១៩ ជាលទ្ធផលបានបញ្ជាក់ថា សពមានវិជ្ជមានវីរុសកូវីដ-១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ÷ បុរសជនជាតិខ្មែរ អាយុ ៣៥ ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិត មុនពេលចូលមកដល់មន្ទីរពេទ្យដោយសារជំងឺកូវីដ-១៩ (Mourant entrant avec COVID-19)។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណៈទុកយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យហេតុដូចបានជំរាបជូនខាងលើនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។