Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

Drone ត្រូវបានគេហៅថា Ingenuity ត្រូវបានទម្លាក់ចេញពីយាន Perseverance ទៅលើផ្ទៃភពអង្គារបានជោគជ័យហើយ

 កាលពីពេលថ្មីៗនេះ NASA មានគម្រោងក្នុងការចាប់ផ្តើមសាកល្បងបង្ហោះ Drone ជាលើកដំបូងនៅលើភពអង្គារ នៅដើមខែមេសានេះតែម្ដង ហើយ Drone នោះ ត្រូវបានគេហៅថា Ingenuity និងបានគេភ្ជាប់ជាមួយយាន Perseverance ដែលបានចុះចតជាន់លើនៅលើភពអង្គារជោគជ័យ កាលពីខែកុម្ភៈកន្លងទៅនោះឯង។ ដោយឡែក នៅក្នុងពេលនេះ គម្រោងរបស់ NASA បានចាប់ផ្តើមដំណាក់កាលដំបូងហើយ ពោលគឺគេបានធ្វើការទម្លាក់កូនយន្តហោះ Ingenuity ចេញពីយាន Perseverance ទៅកាន់ផ្ទៃភពអង្គារបានជោគជ័យ។


ជាការពិតណាស់ កាលពីម្សិលមិញនេះ NASA បានប្រកាសចេញផ្លូវការហើយថា យាន Perseverance របស់ខ្លួន បានធ្វើការទម្លាក់ Drone Ingenuity ទៅកាន់ផ្ទៃភពព្រះអង្គារបានជោគជ័យហើយ ថែមទាំងបានផ្តិតយករូបភាពមួយសន្លឹកចេញពីយាន Perseverance ផ្ញើមកផែនដីវិញថែមទៀតផង។ ដូច្នេះបច្ចុប្បន្ននេះ កូនយន្តហោះ Ingenuity គឺបានស្ថិតនៅដាច់ដោយឡែកពីគ្នាពីយាន Perseverance ហើយ បន្ថែមពីនេះវាក៏កំពុងតែស្ថិតក្នុងដំណាក់ ស្រូបយកពន្លឺព្រះអាទិត្យដើម្បីសាកថ្ម តាមរយៈបន្ទះ Solar ដែលមានបំពាក់ស្រាប់លើតួខ្លួនរបស់វា ដើម្បីឲ្យមានថាមពលគ្រប់គ្រាន់ អាចដំណើរការការសាកល្បងហោះ ជាលើកដំបូងបាននាពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែទន្ទឹមគ្នានោះ វាក៏នឹងជួបផលវិបាកក្នុងការស្រូបថាមពលពីពន្លឺព្រះអាទិត្យដែរ ព្រោះថានៅពេលយប់នៃភពអង្គារ គឺមានសីតុណ្ហភាពត្រជាក់ខ្លាំងដល់ទៅ -90°C ឯណោះ ហេតុនេះវាក៏អាចនឹងប៉ះពាល់ដល់កូនយន្តហោះ Ingenuity នោះដែរ។

យ៉ាងណាក៏ដោយ ការបង្ហោះសាកល្បងលើកដំបូងបំផុតនៃ Ingenuity នេះ គឺត្រូវបាន NASA កំណត់ក្នុងពេលឆាប់ៗខាងមុខនេះតែម្ដង ពោលគឺឆាប់បំផុតនៅថ្ងៃទី ១១ ខែមេសានេះ មានន័យថា អាចនឹងធ្វើឡើងនៅថ្ងៃទី ១១ មេសាបើសិនអ្វីៗដំណើរការល្អតាមគម្រោង ប៉ុន្តែបើមានបញ្ហាណាមួយនោះ អាចនឹងលើសពីថ្ងៃទី ១១ នេះ។ 

អញ្ចឹង សម្រាប់ការបង្ហោះជោគជ័យ ឬយ៉ាងណានោះ យើងនឹងរង់ចាំមើលបន្តទៀត គ្រាន់តែថាពេលនេះ គឺ NASA ជោគជ័យដំណាក់កាលដំបូងហើយ ព្រោះយាន Perseverance បានទម្លាក់កូនយន្តហោះនោះ ទៅកាន់ផ្ទៃភពព្រះអង្គារបានដោយគ្មានបញ្ហា និងកំពុងស្ថិតក្នុងដំណាក់សាកថ្មផងដែរ៕

សូមចុចអានខ្លឹមសារអត្ថបទទាំងស្រុងនៅខាងក្រោមនេះ👇


ពីមុន / Previous បន្ទាប់ / Next