កាលពីចុងឆ្នាំមិននេះ យើងបានឃើញរួចមកហើយថា GMC បានប្រកាសចេញរថយន្តបែប Pick Up ម៉ូឌែលថ្មី ត្រលប់ទៅប្រើប្រាស់ឈ្មោះ Hummer ម្ដងទៀត ពោលគឺគេហៅវាថា Hummer EV តែម្ដង ដោយវាគឺជារថយន្ត Supertruck ប្រើប្រាស់ថាមពលអគ្គិសនី ព្រមទាំងមានការរចនារូបរាងខាងក្រៅថ្មី កាន់តែស្អាតផងដែរ។ ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ GMC ទើបបញ្ចេញ Hummer ម៉ូឌែលថ្មីមួយទៀត ដោយលើកនេះជា SUV វិញម្ដង មានឈ្មោះថា Hummer EV SUV ហ្នឹងឯង ហើយរថយន្តម៉ូឌែលនេះ វាមានការរចនាមិនខុសពីម៉ូឌែល Pick Up លើកមុនប៉ុន្មានទេ។
ដូចបានបញ្ជាក់នៅខាងលើអញ្ចឹង Hummer EV SUV គឺមានការរចនារូបរាងស្រដៀងគ្នាច្រើននិង Hummer EV ជាពិសេសគឺផ្នែកខាងមុខតែម្ដង ប៉ុន្តែផ្នែកខាងក្រោយវិញ គឺប្រាកដណាស់វាខុសគ្នា ព្រោះថាម៉ូឌែល SUV មានដំបូលបិទជិតដល់ខាងក្រោយ និងមានកន្លែងដាក់កង់សាគួរ នៅជាមួយទ្វារខាងក្រោយតែម្ដង។ គេក៏បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការដោះដំបូល នៅផ្នែកខាងមុខ និងផ្នែកកណ្ដាលនៃតួខ្លួនចេញបាន ដូចនៅលើ Hummer EV លើកមុនដែរ។
មិនខុសទេ ក្នុងនោះក្រុមហ៊ុនគេផ្ទាល់ ក៏បានបញ្ជាក់ពីតម្លៃ និងជម្រើសនីមួយៗដូចគ្នា ជាក់ស្ដែងវានឹងចាប់ផ្តើមចរាចរណ៍លើទីផ្សារចាប់ផ្តើមពីដើមឆ្នាំ ២០២៣ ខាងមុខទៅ ដោយម៉ូឌែលដំបូងគេ គឺមានបំពាក់មកជាមួយម៉ូទ័រចំនួន ៣ អាចបង្កើតកម្លាំងបានខ្ពស់បំផុតដល់ ៨៣០ hp ហើយសម្រាប់ការសាកអាគុយមួយពេញ អាចជិះបានខ្ទង់ ៤៨២km គាំទ្របច្ចេកវិទ្យាសាកល្បឿនលឿន ៨០០V / ៣០០KW និងមានតម្លៃខ្ទង់ ១០៥,៥៩៥ ដុល្លារ។ ខណៈពេលដែលម៉ូឌែល ដែលមានលក្ខណៈសម្បត្តិដូចគ្នានេះដែរ ប៉ុន្តែវាមានភ្ជាប់មកស្រាប់ជាមួយ Extreme Off-Road Package ហើយមានយ៉ាន់កង់ទំហំ ១៨ អ៊ីញ សំបកកង់ទំហំ ៣៥ អ៊ីញផងដែរនោះ វានឹងត្រូវចេញលក់អំឡុងដើមឆ្នាំ ២០២៣ ដូចគ្នា ប៉ុន្តែមានតម្លៃថ្លៃជាងពោលគឺខ្ទង់ ១១០,៥៩៥ ដុល្លារ។
គួរបញ្ជាក់ដែរថា មិនថាជម្រើសណាមួយនោះទេ គឺសុទ្ធតែមានសមត្ថភាពអាចស្ទុះពីល្បឿន 0 ទៅដល់ ១០០km/h ដោយចំណាយពេលខ្ទង់ ៣.៥ វិនាទីដូចគ្នា ហើយសម្រាប់បច្ចេកវិទ្យាសំខាន់ៗ នៅផ្នែកខាងក្នុងរថយន្ត Hummer EV SUV ក៏មិនខុសពីម៉ូឌែល Hummer EV ដែរ ដោយបានបំពាក់មកជាមួយអេក្រង់ទំហំ ១៣.៤ អ៊ីញ ប្រភេទ Touch Screen សម្រាប់បង្ហាញព័ត៌មានទូទៅផ្សេងៗ ក៏ដូចជាសម្រាប់គ្រប់គ្រងមុខងារទូទៅរបស់រថយន្ត និងមានអេក្រង់ទំហំ ១២.៣ អ៊ីញមួយទៀត សម្រាប់បង្ហាញព័ត៌មានផ្សេងៗ ដល់អ្នកបើកបរ។
មិនត្រឹមតែប៉ុណ្ណោះទេ វាក៏មានភ្ជាប់មកជាមួយមុខងារសំខាន់ៗមួយចំនួនទៀតដូចជា Crab Walk ដែលអនុញ្ញាតឲ្យកង់ទាំង 4 ផ្លាស់ប្តូរទិសដៅបានៗដូចគ្នា ដើម្បីងាយស្រួលក្នុងការបត់បែន នៅកន្លែងតូចចង្អៀត, វាក៏មាន Adaptive Ride Control ក៏ដូចជាមុខងារ Extract Mode ដែលអាចឲ្យអ្នកប្រើប្រាស់ដំឡើងកម្ពស់បូមបាន ឲ្យសមស្របទៅតាមកាលៈទេសៈផ្លូវ ដែលពួកគេកំពុងជួបប្រទះផងដែរ៕
សូមចុចអានខ្លឹមសារអត្ថបទទាំងស្រុងនៅខាងក្រោមនេះ👇