ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់អោយបានជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា មានបុរស ២ នាក់បានស្លាប់បាត់បង់ជីវិត ដែលមានដូចខាងក្រោម÷
១. បុរសជនជាតិខ្មែរ អាយុ ៣៨ ឆ្នាំ ដែលមានអាស័យដ្ឋាននៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ បានរកឃើញតេស្តវិជ្ជមានវីរុសកូវីដ-១៩ និងបានដាក់ឱ្យសម្រាប់ព្យាបាលនៅសណ្ឋគារ Great Duke ហើយរហូតដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ ដោយសារមានអាការៈហត់ បុរសខាងលើ ត្រូវបានបញ្ជូនទៅសម្រាក ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយនៅថ្ងៃដដែលនេះ ក្រុមគ្រូពេទ្យបានពិនិត្យសុខភាព និងធ្វើការថតសួតរបស់គាត់ បង្ហាញថា គាត់មានរលាកសួតទាំងសង្ខាងធ្ងន់ធ្ងរខ្លាំង និងខ្សោយសួតខ្លាំង និងបានប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមនៅថ្ងៃដដែលនោះរហូតមកដល់ថ្ងៃចុងក្រោយនេះ ប៉ុន្តែដោយសារការរលាកសួតទាំងសង្ខាងធ្ងន់ធ្ងរខ្លាំងទៅៗ និងខ្សោយសួតខ្លាំងទៅៗ អ្នកជំងឺបានបាត់បង់ជីវិតនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ៧:៣៥ នាទីព្រឹកទោះជាមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីសមត្ថភាពពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ។
២. នឹកបុរសជនជាតិចិន អាយុ ៤៣ ឆ្នាំ ដែលមានអាសយដ្ឋាននៅសណ្ឋាគារយ៉ុងយ័ន ឃុំសំពៅពួន ស្រុកកោះធំ ខេត្តកណ្ដាល បានរកឃើញតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ ហើយបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជ័យជំនះ នៅថ្ងៃដដែលនោះរហូតដល់ថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២១ អាការៈបុរសនេះមានសភាពហត់ខ្លាំងជាមួយនឹងលទ្ធផលពីក្រុមគ្រូពេទ្យពិនិត្យឃើញថាមានការថយចុះនូវអុកស៊ីហ្សែនសម្រាប់ការដកដង្ហើមខ្លាំង ក៏បានបញ្ជូនបន្តព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១។ ការពិនិត្យសុខភាពនិងការថតសួតបានបងឯងថាគាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង និងខ្សោយសួតខ្លាំង ហើយក្រុមគ្រូពេទ្យបានផ្ដល់ការព្យាបាលតាមបច្ចេកទេសនិងប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែមតាំងពីថ្ងៃនោះមក ប៉ុន្តែទោះជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ជាអកុសល មិនអាចជួយសង្គ្រោះបានក៏បុរសនេះបានធ្វើមរណកាលនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ៧:៤៥ នាទីព្រឹក។
ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ÷ បុរសទាំងពីរខាងលើ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វ៉ៃលុកលឿន ធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងខ្សោយសួតខ្លាំងពេក។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យហេតុដូចបានជំរាបជូនខាងលើនេះ សុំសាធារណជន មេត្តាជ្រាបជាព័ត៌មាន។