កាលពីខែសីហាកម្លងទៅ ក្រុមហ៊ុន OPPO បានធ្វើការប្រកាសចេញទូរសព្ទឆ្លាត OPPO K7 5G ជាផ្លូវការ ជាមួយអេក្រង់លាត រំលេចដោយម៉ូតឆក និងមានកាមេរ៉ាសរុបចំនួន 4 គ្រាប់នៅខាងក្រោយ។ ដោយឡែក ពេលនេះ OPPO ទើបបានបញ្ចេញខ្សែស្រឡាយនេះ មួយម៉ូឌែលទៀត ដោយវាមានឈ្មោះថា OPPO K7x ដែលវាមានលក្ខណៈសម្បត្តិកម្រិតមធ្យមផងដែរ។
ពិតណាស់ ទូរសព្ទឆ្លាត OPPO K7x បំពាក់មកជាមួយអេក្រង់ 6.5 អ៊ីញ ជាប្រភេទ LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ ជាមួយ Refresh Rate កម្រិត 90Hz និង Touch Sampling Rate 180Hz អមដោយម៉ូតបែបទម្លុះអេក្រង់ សម្រាប់ផ្ទុកកាមេរ៉ាមុខ 1 គ្រាប់។ ចំពោះកម្លាំងម៉ាស៊ីន OPPO K7x បានប្រើប្រាស់បន្ទះឈីប Dimensity 720 របស់ MediaTek គួបផ្សំជាមួយ RAM ទំហំ 8GB និងជម្រើសអង្គផ្ទុកទិន្នន័យ ទំហំ 256GB និងអាចធ្វើការបន្ថែម MicroSD Card ពីខាងក្រៅបានផងដែរ។ ចំណែកឯផ្នែកកាមេរ៉ា OPPO A7x ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួនមួយគ្រាប់ទំហំ 16MP និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់គឺជាលេនដើមទំហំ 48MP មួយគ្រាប់ជាលេនទូលាយ Ultra Wide ទំហំ 8MP និង 2 គ្រាប់ទៀតមានទំហំ 2MP ដូចគ្នា ដោយមានមួយគ្រាប់ជាលេន Mono កាមេរ៉ា រីឯមួយទៀតជាលេន Portrait។ លើសពីនេះទៅទៀត OPPO K7x ភ្ជាប់មកជាមួយថ្មទំហំ 5,000mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 30W និងបានដំណើរការដោយ Android 10 ស្រោប ColorOS 7.2 ចេញពីប្រអប់តែម្ដង។
ក្រៅពីនេះ OPPO K7x បានកើតមកជាមួយជម្រើសពណ៌សរុបចំនួន 2 ក្នុងនោះរួមមានដូចជា ពណ៌ Shadow Blue និងពណ៌ Mirror Black ហើយក៏មានប្រើរន្ធដោតកាស 3.5mm, គាំទ្រ 5G និងមានមុខងារស្កេនស្នាមម្រាមដៃនៅចំហៀងតួខ្លួនផងដែរ។ ជាចុងក្រោយ OPPO K7x ត្រូវបានដាក់លក់នៅក្នុងប្រទេសចិន ជាមួយតម្លៃខ្ទង់ ៨៣ ម៉ឺនរៀល ឬ ស្មើនឹង 209 ដុល្លារ។
ប្រភព: Cambo Report