ដូចយើងបានដឹងហើយ កាលពីម្សិលមិញនេះ OPPO បានប្រកាសចេញទូរសព្ទឆ្លាតគំរូប្រចាំក្រុមហ៊ុនរបស់ខ្លួន ដែលត្រូវបានគេហៅថា OPPO X 2021 ហើយអ្វីដែលពិសេស នៅលើទូរសព្ទឆ្លាតនោះ គឺថាវាបានភ្ជាប់មកជាមួយអេក្រង់ ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការពន្លាចេញចូល ពីតូចទៅធំបាន។ យ៉ាងណាបន្ទាប់ពីឃើញអេក្រង់នោះហើយ យើងប្រាកដជាឆ្ងល់មិនខាន ថាអេក្រង់ដែល OPPO ប្រើនោះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនមួយណា? ជាក់ស្ដែងនៅក្នុងពេលនេះ ក្រុមហ៊ុនគេផ្ទាល់ បានបង្ហាញទាក់ទងនឹងចម្ងល់មួយនោះ ឲ្យយើងបានដឹងហើយ។
មិនខុសទេ ថ្មីៗនេះ លោក Li Xuezheng ដែលជាអនុប្រធាន នៅក្រុមហ៊ុនផលិតអេក្រង់ BOE បានធ្វើការបញ្ជាក់ដោយផ្ទាល់ តាមរយៈការបង្ហោះនៅតាមបណ្ដាញសង្គម Weibo ក៏ដូចជានៅលើវេបសាយរបស់គេថា អេក្រង់ដែលបានប្រើប្រាស់នៅលើ OPPO X 2021 នោះ គឺត្រូវបានផលិតឡើង ដោយក្រុមហ៊ុនរបស់គេហ្នឹងឯង។ គួរបញ្ជាក់ដែរថា អេក្រង់នៅលើទូរសព្ទឆ្លាតគំរូប្លែកខាងលើនោះ គឺមានទំហំ 6.7 អ៊ីញ នៅពេលគេមិនទាន់ពន្លា ពោលគឺទំហំស្មើនឹងទូរសព្ទឆ្លាតធម្មតាមួយ ហើយនៅពេលដែលគេ ធ្វើការពន្លាវានោះ អេក្រង់នេះវានឹងលូតចេញបានដល់ទំហំ 7.4 អ៊ីញផងដែរ។ មួយវិញទៀត នេះគឺជាអេក្រង់ OLED ដូចបន្ទះអេក្រង់ ដែលត្រូវបានក្រុមហ៊ុនជាច្រើន ប្រើលើទូរសព្ទឆ្លាតអេក្រង់បត់ ដើម្បីឲ្យវាអាចបត់បែនបាន ព្រោះថា OPPO បានដាក់អេក្រង់នោះបត់ទៅក្រោយ និងបានដាក់ម៉ូទ័រ សម្រាប់ធ្វើការទាញវាចេញ ឬចូល អាស្រ័យតាមអ្នកប្រើប្រាស់។
យ៉ាងណាក៏ដោយ ដោយសារតែទូរសព្ទឆ្លាតនោះ វាជាលក្ខណៈម៉ូឌែលគំរូប៉ុណ្ណោះ ហេតុនេះមានន័យថា វានឹងមិនមានលក់នៅលើទីផ្សារ ក្នុងពេលឆាប់ៗនេះនោះទេ ដូច្នេះហើយ បានជា OPPO មិនបាននិយាយពីលក្ខណៈសម្បត្តិសំខាន់ៗរបស់វាឡើយ ព្រោះគោលដៅរបស់គេ គឺគ្រាន់តែបង្ហាញទាក់ទងនឹងអេក្រង់របស់វាប៉ុណ្ណោះ។ និយាយរួមមកវិញ អេក្រង់ដែលគេប្រើប្រាស់នៅលើ OPPO X 2021 នោះ គឺជាអេក្រង់ ដែលត្រូវបានផលិតឡើង ដោយក្រុមហ៊ុនចិន BOE ហ្នឹងឯង ដូច្នេះយើងមិនចាំបាច់ឆ្ងល់ទៀតទេថា អេក្រង់របស់ទូរសព្ទឆ្លាតខាងលើ មានប្រភពមកពីណា។
ប្រភព: Cambo Report