ដូចអ្វីដែលគេបានរំពឹងទុកមែន ដោយកាលពីយប់មិញនេះ OnePlus ពិតជាបានប្រកាសចេញទូរសព្ទឆ្លាតលំដាប់បង្គួរ ស្ថិតក្នុងត្រកូល Nord ស៊េរីថ្មីចំនួន 2 ម៉ូឌែលផ្សេងទៀត រួមមាន OnePlus Nord N10 5G និង N100 ហើយសម្រាប់លក្ខណៈសម្បតិ្តលម្អិតរបស់ N10 5G ប្រិយមិត្ត អាចស្វែងយល់ពីវាបាន តាមរយៈតំណរភ្ជាប់មួយនេះ ពីក្រុមការងារខេមបូរីផតយើង។ ខណៈក្នុងអត្ថបទនេះដែរ នឹងផ្តោតតែទៅលើម៉ូឌែលកម្រិតថវិកា OnePlus N100 ដែលបង្កើតឡើងជាពិសេស សម្រាប់បំពេញតម្រូវបន្ថែម ដល់អ្នកចូលចិត្តប្រើអេក្រង់ធំ, ថ្មធំ អាចទ្រាំទ្របានយូរម៉ោង ហើយមានតម្លៃធូរថ្លៃតែម្តង។
បើយើងមើលទៅលើលក្ខណៈសម្បត្តិរបស់ OnePlus Nord N100 ម៉ូឌែលថ្មីមួយនេះ គឺត្រូវគ្នានឹងរបាយការណ៍លេចធ្លាយស្ទើរទាំងស្រុង ដោយវាមានបំពាក់មកជាមួយអេក្រង់ទំហំ 6.52 អ៊ីញ ក្នុងកម្រិតបង្ហាញត្រឹម HD+ (1560 x 720p) និងអាចគាំទ្រកម្រិត Refresh Rate 60Hz ហើយដំណើរការនៅលើបន្ទះឈីប Snapdragon 460 គួបផ្សំជាមួយជម្រើសរ៉េមទំហំ 4GB + អង្គផ្ទុកទិន្នន័យទំហំ 64GB តែមួយគត់ ប៉ុន្ដែ ក៏អាចបន្ថែម microSD card ពីក្រៅបាន។ចំណែកឯផ្នែកកាមេរ៉ាវិញនោះ Nord N100 មានកាមេរ៉ាមុខចំនួន 1 គ្រាប់ ជាប្រភេទលេនទម្លោះអេក្រង់ ស្ថិតនៅចំហៀងខាងស្តាំទូរសព្ទ ដូចម៉ូឌែល N10 5G ដែរ ជាមួយទំហំ 8MP និង Aperture f/2.0 ខណៈកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយរួមមានដូចជា លេនដើមទំហំ 13MP មាន Aperture f/2.2 ជាមួយមុខងារ EIS + លេន Bokeh ទំហំ 2MP កម្រិត Aperture f/2.4 និងមួយគ្រាប់ចុងក្រោយ ជាលេនប្រភេទ Macro ទំហំ 2MP ជាមួយកម្រិត Aperture f/2.4 ទុកសម្រាប់ថតវត្ថុជិតៗជាដើម។ ចំពោះផ្នែកថាមពលថ្ម គឺវាមានភ្ជាប់មកជាមួយទំហំធំដល់ 5,000mAh និងអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនបានកម្រិត 18W នេះបើយោងតាម OnePlus បានបញ្ជាក់ប្រាប់មក។ បន្ថែមពីនេះ OnePlus Nord N100 ក៏បានភ្ជាប់មកជាមួយ បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ ស្ថិតនៅសន្ទះខាងក្រោយរបស់វា និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ចេញពីប្រអប់ស្រាប់ផងដែរ។
ជាចុងក្រោយ ទូរសព្ទឆ្លាតលំដាប់ថវិកា Nord 100 ស៊េរីថ្មី កំពុងដាក់ឲ្យកម្ម៉ង់នៅលើទីផ្សារអឺរ៉ុបមុនគេ ជាមួយកញ្ចប់តម្លៃខ្ទង់ ៩៣ ម៉ឺន ២ ពាន់រៀល (233 ដុល្លារ) ហើយនឹងអាចប្រែប្រួលបន្តិចបន្តួច នៅពេលដែលវាមកដល់ហាងនានាក្នុងស្រុកយើង ដែលនឹងយកមកដាក់លក់បន្ដ ក្នុងពេលខាងមុខនេះ។
ប្រភព: Cambo Report



