កាលពីអម្បាញ់មិញនេះ នៅក្នុងប្រទេសចិន ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញនូវទូរសព្ទឆ្លាតជំនាន់ថ្មី Xiaomi Redmi K30S មួយម៉ូឌែលទៀតជាផ្លូវការ។ ជាក់ស្ដែង សម្រាប់ទូរសព្ទឆ្លាត 5G ម៉ូឌែលថ្មីមួយនេះ អាចរាប់បញ្ចូលឈ្មោះជា Flagship Killer បានហើយ ពីព្រោះវាបានបំពាក់មកជាមួយលក្ខណៈសម្បត្តិកំពូលៗដូចជា មានអេក្រង់ 144Hz, ភ្ជាប់មកជាមួយបន្ទះឈីបកំពូល របស់ក្រុមហ៊ុន Qualcomm ភ្ជាប់បច្ចេកវិទ្យាសេវា 5G ដែលមានល្បឿនលឿន និងមានតម្លៃសមរម្យ ថែមទៀតផង។
ជាការពិតណាស់ Xiaomi Redmi K30S បានបំពាក់មកជាមួយអេក្រង់លាតធំ ទំហំ 6.67 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ (2400 x 1080 ភិចសែល) ដែលមានម៉ូតបែបទម្លុះអេក្រង់ សម្រាប់ផ្ទុកកាមេរ៉ាមុខ 1 មួយគ្រាប់ ព្រមទាំងមានល្បឿន Refresh Rate ដល់កម្រិត 144Hz, មានកម្រិតពន្លឺ 650nits ហើយគាំទ្រ HDR10 និងកម្រិតពណ៌ DCI-P3 ថែមទៀតផង។ លើសពីនេះ វាបានបំពាក់បច្ចេកវិទ្យា អាចធ្វើអោយអេក្រង់ដំណើរការក្នុងជម្រើសកម្រិត Refresh Rate ចាប់ពី 30Hz, 48Hz, 50Hz, 60Hz, 90Hz, 120Hz និង 144Hz ដោយសម្រាប់ចន្លោះ 30 ទៅ 60Hz គឺនៅពេលមើលវីដេអូលើវេបសាយ ហើយវានឹងឡើងដល់ 144Hz វិញ ទៅតាមស្ថានភាពដែលប្រើប្រាស់ជាក់ស្ដែងដូចជាការមើលវីដេអូសកម្មភាពច្រើន និងពេលលេងហ្គេមជាដើម។
ចំពោះកម្លាំងម៉ាស៊ីនវិញ Redmi K30S បានប្រើប្រាស់បន្ទះឈីបកំពូល Snapdragon 865 គួបផ្សំជាមួយ RAM ទំហំ 8GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128GB/256GB ជាប្រភេទ UFS 3.1 និងវាក៏មានសេនស័រស្កេនស្នាមម្រាមដៃ ស្ថិតនៅចំហៀងតួខ្លួនផងដែរ។ ចំណែកឯផ្នែកកាមេរ៉ា Xiaomi Redmi K30s ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ ទំហំ 20MP និងមានកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយមួយគ្រាប់ជាលេនគោលទំហំ 64MP (Sony IMX682) មួយគ្រាប់ទៀតជាលេនទូលាយកម្រិតមុំ 123 ដឺក្រេ ទំហំ 13MP និងមួយគ្រាប់ចុងក្រោយគេជាលេន Macro ទំហំ 5MP។ មិនតែប៉ុណ្ណោះ Xiaomi Redmi K30S ភ្ជាប់មកជាមួយថាមពលថ្មទំហំ 5,000mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 33W ផងដែរ។
បន្ថែមពីនេះ Xiaomi Redmi K30S ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ស្រោបដោយស្បែក MIUI 12 ចេញពីប្រអប់ស្រាប់តែម្ដង។ ក្រៅពីនេះ វាមានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិមួយចំនួនទៀតដូចជា NFC, Speaker Stereo ចំនួន 2 គ្រាប់ និងអាចថតវីដេអូដល់កម្រិត 8K ជាដើម។ ជាចុងក្រោយ Xiaomi Redmi K30S ត្រូវបានដាក់លក់នៅទីផ្សារប្រទេសចិន ក្នុងតម្លៃប្រហែល ១ លាន ៥៦ ម៉ឺនរៀល (390 ដុល្លារ) សម្រាប់ទំហំផ្ទុក 128GB និងតម្លៃខ្ទង់ 415 ដុល្លារ សម្រាប់ទំហំផ្ទុក 256GB។
ប្រភព: Cambo Report