Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

Samsung បានបង្ហាញពីលក្ខណៈសម្បត្តិរបស់ Galaxy A42 5G ហើយ

ដូចយើងបានដឹងហើយថា កាលពីប្រមាណជាមួយខែមុន Samsung បានប្រកាសចេញទូរសព្ទឆ្លាតត្រកូល A ម៉ូឌែលថ្មីមួយ ដែលមានភ្ជាប់មកជាមួយ 5G ពោលគឺជា Galaxy A42 5G នេះឯង ប៉ុន្តែនៅក្នុងការប្រកាសចេញនោះ គេមិនបានបង្ហាញពីលក្ខណៈសម្បត្តិលម្អិតរបស់វានោះទេ ជាក់ស្ដែងសូម្បីតែឈីប ក៏មិនទាន់បានបង្ហាញដែរ។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើ សម្រេចបង្ហាញចេញពីលក្ខណៈសម្បត្តិរបស់វាហើយ ដោយក្នុងនោះ យើងឃើញថា វាពិតជាបានភ្ជាប់មកជាមួយឈីបថ្មី Snapdragon 750G ពិតមែន។


ពិតណាស់ យើងមិនចាំបាច់និយាយពីរូបរាងរបស់វាទៀត ព្រោះថាយើងធ្លាប់បានឃើញរួចមកហើយ ហេតុនេះយើងនឹងនិយាយតែទៅលើលក្ខណៈសម្បត្តិរបស់វាតែម្ដង។ បើតាមការបង្ហាញចេញពី Samsung បានឲ្យដឹងថា Galaxy A42 5G បានប្រើប្រាស់អេក្រង់ទំហំ 6.6 អ៊ីញ ប្រភេទ Super AMOLED ជាមួយកម្រិតបង្ហាញរូបភាព HD+ ថែមទាំងប្រើម៉ូតឆកនៅផ្នែកខាងលើ ដើម្បីដាក់កាមេរ៉ាមួយគ្រាប់ទំហំ 20MP ហ្នឹងឯង។ សម្រាប់កាមេរ៉ាផ្នែកខាងក្រោយវិញ វាបានប្រើប្រាស់ចំនួន 4 គ្រាប់ ដោយលេនគោលមានទំហំ 48MP, លេនទូលាយ Ultra-Wide ទំហំ 8MP និង 2 គ្រាប់ទៀតជាលេនទំហំ 5MP ដូចគ្នា ដោយមួយជាលេន Macro និងមួយទៀតជាលេនជំនួយ Depth Sensor។ សម្រាប់កម្លាំងម៉ាស៊ីនវិញ នៅក្នុងរូបភាពដែលបង្ហាញពីលក្ខណៈសម្បត្តិនោះ Samsung មិនបញ្ចេញឈ្មោះឈីបឡើយ ប៉ុន្តែយ៉ាងណា បើមើលទៅលើកម្លាំងរបស់វា ( មាន 2 Cores រន្ធដល់ល្បឿន 2.2GHz និង 6 Cores ទៀតរន្ធដល់ល្បឿន 1.8GHz ) ថែមទាំងមានភ្ជាប់មកជាមួយ 5G ទៀតនោះ គឺកាន់តែប្រាកដថាជា Snapdragon 750G នេះតែម្ដង។

បន្ថែមពីនេះ វាមានជម្រើសរ៉េម 2 ប្រភេទ ដូចជាទំហំ 6GB និង 8GB ខណៈពេលអង្គផ្ទុកវិញ គឺមានមួយជម្រើសប៉ុណ្ណោះទំហំ 128GB ក៏ដូចជាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ថែមអង្គផ្ទុកពីខាងក្រៅ បានដល់ទៅ 1TB ទៀតផង។ សម្រាប់ថាមពលថ្ម នៅក្នុងរូបភាពរបស់ Samsung នោះបញ្ជាក់ថា វាមានទំហំធំដល់ទៅ 5,000mAh និងគាំទ្រកម្លាំងសាកល្បឿនលឿនត្រឹម 15W ប៉ុណ្ណោះ ខណៈពេលចំណុចពិសេសផ្សេងទៀតនោះ គឺថាវាមានភ្ជាប់មកជាមួយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃលើអេក្រង់ជាដើម។ Galaxy A42 5G នេះ ក៏មានចំនួន 3 ជម្រើសពណ៌ដែរដូចជា ពណ៌ស, ខ្មៅ និងពណ៌ប្រផេះ ហើយសម្រាប់តម្លៃ ក៏ដូចជាពេលវេលាចេញលក់វិញ Samsung នៅតែមិនទាន់បានបញ្ជាក់ប្រាប់ដដែល គិតមកត្រឹមពេលនេះ។

សូមចុចទស្សនាវីដេអូខាងក្រោមនេះ ÷



ប្រភព: Cambo Report

ពីមុន / Previous បន្ទាប់ / Next