ប្រិយមិត្តមួយចំនួន ប្រហែលបានស្គាល់ហើយ ពីទូរសព្ទត្រកូល Galaxy M របស់ Samsung ដែលក្រុមហ៊ុននេះបានបង្កើតវាឡើង ដើម្បីវាយលុកលើទីផ្សារទូរសព្ទ ក្នុងប្រទេសឥណ្ឌា ក៏ដូចជាប្រទេសមួយចំនួនទៀត ដើម្បីប្រកួតប្រជែងជាមួយ បណ្តាក្រុមហ៊ុនជាច្រើន ដែលកំពុងតែដណ្តើមចំណែកទីផ្សាររបស់ខ្លួន។ ដោយឡែក កាលពីម្សិលមិញនេះ Samsung បានចេញនូវទូរសព្ទស្ថិតក្នុងត្រកូល Galaxy F ថ្មី មកមួយម៉ូឌែលទៀត ក្នុងប្រទេសឥណ្ឌា ដែលវាមានលក្ខណៈស្រដៀងគ្នានឹងខ្សែស្រឡាយ Galaxy M ដែរ។
ពិតណាស់ Samsung ទើបបានប្រកាសចេញទូរសព្ទស្ថិតត្រកូល Galaxy F ជំនាន់ថ្មី ដែលវាមានឈ្មោះហៅថា Galaxy F41 ហើយវាក៏ជាទូរសព្ទស្ថិតក្នុងត្រកូល Galaxy F ដំបូងគេផងដែរ។ ចំពោះរចនាបថរូបរាងរបស់វា យើងឃើញថា វាមិនសូវខុសគ្នាពីទូរសព្ទ Samsung ដទៃទៀតប៉ុន្មានឡើយ មិនថាផ្នែកខាងក្រោយ ឬ ខាងមុខ ហើយចំណុចដែលខុសគ្នានោះ គឺជាលក្ខណសម្បត្តិខាងក្នុងរបស់វាតែម្ដង។ មិនខុសនោះទេ នៅផ្នែកខាងមុខ វាមានប្រើប្រាស់អេក្រង់ទំហំ 6.4 អ៊ីញ ប្រភេទ Super AMOLED ដែលមានកម្រិតបង្ហាញរូបភាព Full-HD+ ហើយវាមានកម្រិតពន្លឺចំនួន 420 nits ផងដែរ។
ជាក់ស្ដែង អេក្រង់របស់វា មានម៉ូតបែបដំណក់ទឹក សម្រាប់ដាក់កាមេរ៉ាមុខ 1 គ្រាប់ ដែលមានទំហំដល់ទៅ 32MP ហើយចំណែកកាមេរ៉ាក្រោយរបស់វា គេបានបញ្ជាក់ថា មានលេនគោលទំហំ 64MP ជាមួយលេនទូលាយកម្រិត 123 ដឺក្រេទំហំ 8MP បូកមួយគ្រាប់ទៀតទំហំ 5MP ជា Depth Sensor។ ចំពោះកម្លាំងម៉ាស៊ីនវិញ Galaxy F41 បានប្រើប្រាស់បន្ទះឈីប Exynos 9611 ជាមួយរ៉េមទំហំ 6GB និងមានជម្រើសអង្គផ្ទុកទិន្នន័យ 64GB/128GB ដែលអាចបន្ថែម MicroSD Card ខាងក្រៅបាន ហើយវាក៏មានប្រើប្រាស់សេនស័រស្កេនស្នាមម្រាមដៃលើខ្នងខាងក្រោយផងដែរ។
លើសពីនេះទៅទៀត Galaxy F41 បានបំពាក់មកជាមួយថាមពលថ្មមានទំហំដល់ 6,000mAh ឯណោះ ហើយបានបំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 15W។ បន្ថែមពីនេះ វាបានដំណើរការដោយ Android 10 ស្រោបដោយល្បែក One UI ជំនាន់ 2.1 ចេញពីប្រអប់ស្រាប់ តែមិនមែនជា Android 11 ជំនាន់ចុងក្រោយនោះទេ។ សរុបមក ជាមួយលក្ខណៈដូចបានរៀបរាប់ខាងលើនេះ អាចនិយាយបានថាតម្លៃដែល Samsung បានដាក់លក់ក្នុងទីផ្សារឥណ្ឌា ពិតជាសមរម្យ ដោយក្រុមហ៊ុននេះបានលក់ Galaxy F41 ក្នុងតម្លៃខ្ទង់ ៩២ ម៉ឺនរៀល ( 232 ដុល្លារ ) សម្រាប់ជម្រើសទំហំផ្ទុក 64GB+6GB និងម៉ូឌែលមានទំហំផ្ទុក 128GB+6GB មានតម្លៃច្ទង់ ៩៨ ម៉ឺនរៀល ( 247 ដុល្លារ )។
សូមចុចទស្សនាវីដេអូខាងក្រោមនេះ ÷
ប្រភព÷ Cambo Report