កាលពីម្សិលមិញនេះ ក្រុមហ៊ុន vivo ប្រចាំប្រទេសចិន បានប្រកាសចេញជាផ្លូវការនូវទូរសព្ទឆ្លាតកម្រិតកណ្ដាលរបស់ខ្លួនមួយម៉ូឌែលទៀត ដោយវាត្រូវបានបង្កើតឡើងសម្រាប់ងាយស្រួលប្រកួតប្រជែង លើទីផ្សារទូរសព្ទតម្លៃសមរម្យ នោះគឺ vivo Y73s 5G ថ្មី មានរូបរាងទាក់ទាញ អមដោយម៉ូតកាមេរ៉ាក្រោយទាន់សម័យ ដែលស្រដៀងម៉ូឌែល Y51s ដែរ ជាមួយលក្ខណៈសម្បតិ្ត រឹតតែពិសេសជាងស៊េរីមុនៗ។
Vivo Y73s មានអេក្រង់ធំលោតដល់ 6.44 អ៊ីញ ហើយប្រើប្រាស់បន្ទះបង្ហាញជាប្រភេទ AMOLED មានសមត្ថភាពបង្ហាញរូបភាព ដល់កម្រិត Full HD+ ឬ 2400 x 1080p ព្រមទាំងគាំទ្របច្ចេកវិទ្យា HDR10 នឹងផ្តល់បទពិសោធន៍ទស្សនាវីដេអូ ក៏ដូចជាខ្សែភាគយន្តក្នុង Netflix បានច្បាស់ល្អ។ លើសពីនេះ ផ្នែកខាងលើបង្កប់មកជាមួយកាមេរ៉ាមួយគ្រាប់ទំហំ 16 មេហ្គាភិចសែល លេងស្ទាយបែបតំណក់ទឹក រីឯកាមេរ៉ា 3 គ្រាប់ខាងក្រោយ មួយមានទំហំ 48 មេហ្គាភិចសែល ជាកាមេរ៉ាគោល និងទីពីរជាលេន Ultra-Wide ទំហំ 8 មេហ្គាភិចសែល សម្រាប់ថតប្លង់ទូលាយ ខណៈមួយគ្រាប់ ចុងក្រោយ ជាការមេរ៉ាបន្ទាប់បន្សំមានទំហំ 2 មេហ្គាភិចសែល។សម្រាប់ផ្នែកកម្លាំងម៉ាស៊ីន Y73s ប្រើប្រាស់ខួរក្បាល Dimensity 720 ជំនាន់ក្រោយរបស់ MediaTek ជាឈីបមាន CPU ចំនួន 8 គ្រាប់ ទំហំ 7nm ដែលរត់នៅក្នុងល្បឿន 2.0GHz អាចគាំទ្រសេវា 5G អមមកជាមួយ RAM ទំហំ 8GB ប្រភេទ LPDDR4x និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB ប្រភេទ UFS 2.1។ ទូរសព្ទឆ្លាតតម្លៃខ្ទង់ជិត 300 ដុល្លារនេះ រត់ដោយប្រព័ន្ធប្រតិបត្តិការ Android 10 ចេញពីប្រអប់ស្រាប់ ដែលស្រោបឡើងដោយស្បែក Funtouch OS ជំនាន់ 10.5 ហើយវាក៏មានទំហំថ្មធំដល់ទៅ 4,100mAh អាចសាកថ្មល្បឿនលឿន ក្នុងកម្លាំង 18W តាមរយៈរន្ធសាកប្រភេទ USB Type បូករន្ធដោតកាស 3.5mm មកជាមួយទៀតផង។
ជុំវិញប្រព័ន្ធសុវត្តិភាពវិញ ក្រៅពីការការពារពីប្រព័ន្ធប្រតិបត្តិការរួច vivo Y73s 5G មានបំពាក់សេនស័រស្កេនម្រាមដៃនៅក្រោមអេក្រង់ ឬអាចធ្វើការដោះសោរដោយស្កេនផ្ទៃមុខតាមរយៈកាមេរ៉ាខាងមុខបានផងដែរ។ នៅពេលនេះ ទូរសព្ទឆ្លាតលំដាប់បង្គួរ vivo Y73s នឹងចេញលក់មុនដំបូងគេ នៅលើទីផ្សារប្រទេសចិនមុនគេ ជាមួយតម្លៃប្រហាក់ប្រហែល ១ លាន ១៩ ម៉ឺន ៦ ពាន់រៀល ( 299 ដុល្លារ ) ដែលវាមាន 2 ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ ( Black Mirror ) និងពណ៌ទឹកប្រាក់ ( Silver Moon )។
សូមចុចទស្សនាវីដេអូខាងក្រោមនេះ ÷
ប្រភព: Cambo Report