មេរៀន៖ ដង្វាយមួយភាគដប់
រៀបរៀងដោយ: លោកគ្រូ ខាត់ សុខគីម
គោលបំណងនៃមេរៀន៖
. យល់ដឹងពីអត្ថន័យ និងប្រភពដើមនៃដង្វាយមួយភាគដប់។
. ស្គាល់ពីគោលបំណង និងសារៈសំខាន់នៃការថ្វាយដង្វាយមួយភាគដប់។
. បណ្តុះចិត្តគំនិតក្នុងការថ្វាយដោយស្ម័គ្រចិត្ត និងដោយសេចក្តីជំនឿ។
១. តើអ្វីជាដង្វាយមួយភាគដប់?
ពាក្យថា «មួយភាគដប់» (Tithe) នៅក្នុងភាសាហេព្រើរមានន័យថា «ចំណែកទីដប់» ឬ ១០%។
. តាមគោលការណ៍ព្រះគម្ពីរ វាគឺជាការបំបែកផលជម្រូត ប្រាក់ចំណូល ឬភោគទ្រព្យ ១០% ដំបូងគេបង្អស់ ទុកជាចំណែកដ៏វិសុទ្ធដើម្បីថ្វាយដល់ព្រះអម្ចាស់។
. វាមិនមែនជា «លុយសល់» ពីការចំណាយនោះទេ ប៉ុន្តែជា «ផលដំបូង» ដែលយើងផ្តល់ជូនព្រះមុនគេ។
២. ប្រភពដើមនៃដង្វាយមួយភាគដប់នៅក្នុងព្រះគម្ពីរ
ដង្វាយមួយភាគដប់មិនមែនទើបតែមាននៅក្នុងច្បាប់របស់លោកម៉ូសេនោះទេ ប៉ុន្តែវាមានតាំងពីមុននោះមកម៉្លេះ៖
ក. មុនសម័យច្បាប់វិន័យ (សម័យអយ្យកោ)៖
. លោកអប្រាហាំ៖ បានថ្វាយមួយភាគដប់នៃរបស់របរដែលលោកដណ្តើមបានពីចម្បាំង ទៅថ្វាយស្តេចម៉ិលគីសិដែក ដែលជាសង្ឃនៃព្រះដ៏ខ្ពស់បំផុត (លោកុប្បត្តិ ១៤:២០)។
. លោកយ៉ាកុប៖ បានសន្យាជាមួយព្រះថា «ឯរបស់សព្វសារពើដែលទ្រង់ប្រោសប្រទានមកទូលបង្គំ នោះទូលបង្គំគ្រោងនឹងថ្វាយមួយភាគដប់ទៅទ្រង់វិញជាមិនខាន» (លោកុប្បត្តិ ២៨:២២)។
ខ. ក្នុងសម័យច្បាប់វិន័យ (លោកម៉ូសេ)៖
. ព្រះជាម្ចាស់បានបញ្ញត្តិឲ្យជនជាតិអ៊ីស្រាអែលថ្វាយមួយភាគដប់ ដើម្បីទ្រទ្រង់ដល់ពួកលេវី (អ្នកបម្រើព្រះវិហារ) និងសម្រាប់កិច្ចការព្រះវិហារ (លេវីវិន័យ ២៧:៣០)។
៣. គោលបំណងនៃការថ្វាយដង្វាយមួយភាគដប់
ហេតុអ្វីបានជាព្រះជាម្ចាស់ចង់ឲ្យយើងថ្វាយ ១០% ទៅទ្រង់?
. ដើម្បីជាការទទួលស្គាល់ថាព្រះជាម្ចាស់ជាម្ចាស់លើគ្រប់របស់ទាំងអស់៖ រាល់អ្វីៗដែលយើងមាន (លុយកាក់ សុខភាព ទេពកោសល្យ ការងារ) គឺមកពីព្រះ (ទំនុកដំកើង ២៤:១)។
. ដើម្បីទ្រទ្រង់កិច្ចការរបស់ព្រះ៖ ប្រើប្រាស់សម្រាប់កិច្ចការរដ្ឋបាលព្រះវិហារ ការផ្សាយដំណឹងល្អ និងការមើលថែអ្នកបម្រើព្រះ។
. ដើម្បីបង្រៀនយើងកុំឲ្យលោភលន់៖ វាជាការហ្វឹកហាត់ចិត្តមិនឲ្យជាប់ជំពាក់នឹងទ្រព្យសម្បត្តិលោកីយ៍ និងរៀនដាក់ព្រះជាម្ចាស់ជាចម្បងក្នុងជីវិត។
៤. ព្រះបន្ទូលសន្យា និងការព្រមាន (ម៉ាឡាគី ៣:១០)
នៅក្នុងគម្ពីរម៉ាឡាគី ព្រះជាម្ចាស់បានមានព្រះបន្ទូលយ៉ាងច្បាស់ៗអំពីដង្វាយមួយភាគដប់៖
«ចូរនាំដង្វាយមួយភាគដប់ទាំងប៉ុន្មាន មកដាក់ក្នុងឃ្លាំង ចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងផ្ទះរបស់យើង ហើយចូរល្បងលមើលយើងត្រង់ហ្នឹងមើល... តើយើងមិនបើកបង្អួចនៅស្ថានសួគ៌ ហូរព្រះពរមកលើអ្នករាល់គ្នា ឲ្យហួសប្រមាណទេឬអី»។
. ការព្រមាន៖ ការមិនថ្វាយដង្វាយមួយភាគដប់ ត្រូវបានព្រះគម្ពីរចាត់ទុកថាជាការ «លួច» ចំណែករបស់ព្រះ (ម៉ាឡាគី៣:៨)។
. ព្រះបន្ទូលសន្យា៖ ព្រះអង្គសន្យថានឹងបើកបង្អួចស្ថានសួគ៌ ចាក់បង្ហូរព្រះពរយ៉ាងបរិបូរ និងការពារផលដំណាំ (ឬមុខរបរ) របស់យើងពីការបំផ្លិចបំផ្លាញ។
៥. ឥរិយាបថក្នុងការថ្វាយ (ព្រះគម្ពីរសញ្ញាថ្មី)
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវមិនបានលុបចោលដង្វាយមួយភាគដប់នោះទេ ប៉ុន្តែទ្រង់ឲ្យយើងពិនិត្យមើល «ចិត្តគំនិត» ក្នុងការថ្វាយវិញ៖
. ថ្វាយដោយសេចក្តីអំណរ៖ មិនមែនដោយបង្ខំចិត្ត ឬដោយស្តាយស្រណោះនោះទេ ព្រោះ «ព្រះទ្រង់សព្វព្រះហឫទ័យនឹងអ្នកណាដែលថ្វាយដោយចិត្តរីករាយ» (២ កូរិនថូស ៩:៧)។
. ថ្វាយដោយសេចក្តីជំនឿ៖ ជឿជាក់ថាទោះបីយើងសល់ ៩០% ក៏ព្រះអង្គអាចធ្វើឲ្យវាកើនឡើង និងគ្រប់គ្រាន់ជាងការដែលយើងរក្សាទុកទាំង ១០០% ដោយគ្មានព្រះពរពីទ្រង់ដែរ។
សរុបសេចក្តីមក៖
ដង្វាយមួយភាគដប់មិនមែនជា «ពន្ធ» ដែលត្រូវបង្ខំចិត្តបង់នោះទេ ប៉ុន្តែវាជា «ឯកសិទ្ធិ» និងជា «ការបង្ហាញសេចក្តីស្រឡាញ់ជំនឿ ចុះចូល» របស់យើងចំពោះព្រះជាម្ចាស់។ កាលណាដង្វាយរបស់យើងចេញពីចិត្តស្មោះត្រង់ នោះជីវិតរបស់យើងនឹងក្លាយជាបំពង់បង្ហូរព្រះពររបស់ព្រះជាមិនខាន។
សូមចែកចាយ និងអនុវត្តបន្ត
ក្រុមជំនុំប្រិយ៍សម្ព័ន្ធខែ្មរដំណឺងល្អទាំងបួន ក្រវ៉ា


