ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចូលរួមដោយជោគជ័យក្នុងកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ បូក។
តាមរយៈបណ្តាញសង្គមការងារផ្លូវការនារាត្រីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសរំលេចថា សម្លេងរបស់ប្រទេសកម្ពុជាឮកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ។ កម្ពុជា តស៊ូឡើង។
គួរជម្រាបជូនថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក (SCO Plus Summit) ដែលរៀបចំធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន ក្រោមមូលបទ «ការអនុវត្តពហុភាគីនិយម, ការធានាសន្តិសុខតំបន់ និង ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព»។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំបណ្តាប្រទេសនានាជាសមាជិក អ្នកសង្កេតការណ៍ ដៃគូសន្ទនាជាង២០ប្រទេស និងមេដឹកនាំអង្គការអន្តរជាតិមួយចំនួនទៀត ដូចជាអង្គការសហប្រជាជាតិ និងអាស៊ាន។
ថ្លែងក្នុងឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការចូលរួមការពារសន្តិសុខតំបន់ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសជាសមាជិកទាំងអស់។ ដោយ៖ កន ចំណាន
ប្រភព: ក្រសួងព័ត៌មាន