នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានទទួលជំនួបសម្តែងការគួរសម និងទទួលសារតាំងពីលោកស្រី ឃ្យុងណាន់ ផាក (Kyung-nan Park) តំណាង និងនាយិកាថ្មីនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា។
ក្នុងជំនួបនេះ លោកស្រី ឃ្យុងណាន់ ផាក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង WFP ជាមួយកម្ពុជាក្នុងការពង្រឹងលើវិស័យទាំងនេះ។
ជាការឆ្លើយតប លោកជំទាវ អ៊ាត សោភា បានសម្តែងការស្វាគមន៍យ៉ាងស្និទ្ធស្នាលនិងកក់ក្ដៅ ព្រមទាំងអបអរសាទរចំពោះ លោកស្រី ឃ្យុងណាន់ ផាកដែលត្រូវបានតែងតាំងជាតំណាងនិងនាយិកាថ្មីនៃ WFP ប្រចាំកម្ពុជា។
លោកជំទាវរដ្ឋលេខាធិការប្រចាំការបានថ្លែងអំណរគុណ WFP ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា នា ៥ ទសវត្សកន្លងមកនេះ ក្នុងនោះរួមទាំងការផ្តល់ជំនួយអង្ករចំនួន ២២០ តោនដល់ជនភៀសសឹកចំនួន ៤៥០០ គ្រួសារនៅខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗ នេះ។
ប្រភព: ក្រសួងព័ត៌មាន