ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ឆ្នាំ២០២៥ ដែល ប្រព្រឹត្តទៅនៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាស នៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញធ្វើទស្សនកិច្ចធុរកិច្ចដើម្បី ស្វែងរកកាលានុវត្តភាពនៅក្នុងឧស្សាហកម្មជឿនលឿនរបស់ចិន ក៏ដូចជាពង្រឹងទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ។ គណៈប្រតិភូនឹងទៅទស្សនា រោងចក្រ សាវមី អឺរី ហាតើ ហ្វេកតូរី (Xiaomi EV Hyper Factory) ដើម្បីពិនិត្យមើល ដំណើរការផលិតកម្មស្វ័យប្រវត្តិដ៏ទំនើបបំផុតក្នុងឧស្សាហកម្មយានយន្តអគ្គិសនី និងស្វែងយល់ពីកិច្ចសហប្រតិបត្តិការ នាពេលអនាគតលើបច្ចេកវិទ្យា និងការផលិតឆ្លាតវៃ។
គណៈប្រតិភូក៏នឹងទៅទស្សនាក្រុមហ៊ុនអានគ្រុប (Ant Group) ដើម្បីពិភាក្សាលើវិស័យហិរញ្ញវត្ថុឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងដំណោះស្រាយបច្ចេកវិទ្យា។
សូមជម្រាបថា គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ ពីការគាំទ្រដល់ការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម តាមរយៈថ្នាលបច្ចេកវិទ្យាឌីជីថល និង ដកស្រង់បទពិសោធន៍ នៃដំណើរវិវត្តន៍សេដ្ឋកិច្ចឌីជីថល៕
ប្រភព: ក្រសួងព័ត៌មាន