ជម្រាបមក
លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត
កម្មវត្ថុ៖ ការអនុវត្តម៉ោងបង្រៀននិងរៀននៅក្នុងរដូវប្រាំងដែលមានអាកាសធាតុក្តៅខ្លាំង។
តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាប លោក លោកស្រីប្រធាន ជ្រាបថា៖ រដូវប្រាំងឆ្នាំ ២០២៤ អាកាស ធាតុក្តៅ ហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ ជាពិសេស នៅចន្លោះពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ១៤:០០ រសៀល ។ ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់ សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ក្រសួងសូមណែនាំដល់ លោក លោកស្រីប្រធាន និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែង
អនុវត្តដូចតទៅ៖
- ពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង ១០:០០
- ពេលរសៀល ចូលរៀននៅម៉ោង ១៤:០០ ចេញម៉ោង ១៧:០០
- ក្នុងមួយម៉ោងសិក្សា លោកគ្រូ អ្នកគ្រូត្រូវឱ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល ១៥ នាទី
- គ្រឹះស្ថានសិក្សាត្រូវត្រៀមទឹកសម្រាប់គ្រូបង្រៀន និងសិស្សប្រើប្រាស់ និងណែនាំសិស្សឱ្យយកទឹកឆ្អិន ពីផ្ទះមកទទួលទាន
- ក្នុងករណីសីតុណ្ហភាពឡើងខ្លាំងលើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្តែង
- អនុវត្តតាមគោលការណ៍ដែលមានស្រាប់វិញ នៅពេលផុតរដូវក្តៅ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីប្រធាន ផ្សព្វផ្សាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា អាជ្ញាធរដែនដី និងសាធារណជនទាំងអស់ឱ្យ បានជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។
សូមអរគុណ!