កាលពីម៉ូឌែល Find X ជំនាន់មុន OPPO បានប្រើប្រាស់ម៉ូតឌីហ្សាញបែបប្លែកពីគេ ជាមួយនឹងស៊ុមកាមេរ៉ាខាងក្រោយ ដែលមើលទៅចូលគ្នាជាមួយនឹង ខ្នងរបស់ស្មាតហ្វូនបានល្អតែម្ដង។ យ៉ាងណាក៏ដោយ OPPO ទំនងជាឈប់ប្រើម៉ូតបែបនោះទៀតហើយ ដោយត្រឡប់មកប្រើប្រាស់ម៉ូតធម្មតាវិញ សម្រាប់ម៉ូឌែល OPPO Find X6 ជំនាន់ក្រោយ។
សម្រាប់រូបភាពបែកធ្លាយរបស់ OPPO Find X6 ថ្មីនេះ គឺត្រូវបានចែករំលែកដោយលោក Evan Blass @evleaks ដែលជាប្រភពល្បីឈ្មោះម្នាក់ និងមានភាគរយត្រឹមត្រូវខ្ពស់ បើយោងតាមការបែកធ្លាយពីមុនៗមក។ យើងបានឃើញថា OPPO Find X6 អាចមានបន្ថែមកាមេរ៉ា Periscope ជាមួយនឹងពាក្យថា÷ Powered by MariSilicon និង Hasselblad ដូចគ្នា។ ជាការពិតណាស់ អ្នកទាំងអស់គ្នាក៏បានឃើញរូបភាពខាងក្រោមដែរថា ស៊ុមកាមេរ៉ាខាងក្រោយ នឹងមានរាងចតុកោណកែង និងមានទំហំធំជាងជំនាន់មុន។ រូបភាពនេះក៏បានបង្ហាញពីជម្រើសពណ៌ ជាមួយប៊ូតុងបិទបើក និងប៊ូតុងបន្ថយឬដំឡើងសំឡេង នៅពីចំហៀងតួខ្លួនផងដែរ។
គួរបញ្ជាក់ផងថា OPPO មិនទាន់ប្រកាសពីវត្តមានរបស់ Find X6 ថ្មីនេះជាផ្លូវការនៅឡើយទេ ប៉ុន្ដែអាចនឹងប្រកាសចេញនៅអំឡុងខែកុម្ភៈ ឆ្នាំ 2023 ដូចកាលពីជំនាន់ Find X5 Series កាលពីអំឡុងខែកុម្ភៈ ឆ្នាំ 2022 កន្លងទៅនេះដែរ។
អញ្ចឹងនេះគឺជារូបភាពរបស់ oppo find x6 ដែលទើបនឹងបែកធ្លាយ។ តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរ? បើសិនជា oppo find x6 មានរូបរាងបែបនេះមែននោះ?
ប្រភព: Cambo Report