លោក Terusi Shimizu ដែលត្រូវជា CEO នៅខាងផ្នែកដំណោះស្រាយឈីបរបស់ Sony បានចែករំលែកការរំពឹងទុករបស់គាត់ នៅក្នុងកិច្ចប្រជុំសង្ខេបអំពីអាជីវកម្ម កាលពីពេលថ្មីៗនេះ។ គាត់បាននិយាយប្រាប់ថា នៅអំឡុងឆ្នាំ 2024 ខាងមុខនេះ កាមេរ៉ាស្មាតហ្វូននឹងអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការថតរូបបានល្អជាងកាមេរ៉ា DSLR ទៅទៀត។
ជាការពិតណាស់ កាមេរ៉ាអាជីព DSLR គឺមានសមត្ថភាពខ្ពស់ជាងច្រើនណាស់ នៅក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្ដែដោយសារតែកាមេរ៉ាស្មាតហ្វូន ក៏បានអភិវឌ្ឍន៍កាន់តែលឿនទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំដូចគ្នា។ ហេតុដូច្នេះហើយ ការព្យាករណ៍របស់លោក Terusi Shimizu ក៏អាចក្លាយជាការពិតបានដែរ ដោយក្រុមហ៊ុនបង្កើតស្មាតហ្វូនទាំងអស់ តែងតែព្យាយាមស្វែងរកដំណោះស្រាយថ្មីៗរហូត ដើម្បីធ្វើឲ្យកាមេរ៉ាស្មាតហ្វូនរបស់ពួកគេ លេចធ្លោជាងគេនៅលើទីផ្សារ។ ប្រសិនបើ Sony និង Samsung អាចសហការជាមួយគ្នា ដើម្បីបង្កើតសេនស័រកាមេរ៉ាលំដាប់កំពូលជំនាន់ថ្មី សម្រាប់បំពាក់លើស្មាតហ្វូន ប្រាកដជាអាចមានឱកាសទៅរួចមិនខាន។
អ៊ីចឹង យើងមានតែរង់ចាំតាមដានបន្ដទៀតប៉ុណ្ណោះទេ ថាតើកាមេរ៉ាស្មាតហ្វូនអាចយកឈ្នះ កាមេរ៉ាអាជីព DSLR បានទេនៅអំឡុងឆ្នាំ 2024 ខាងមុខនេះ។ នៅពេលឆាប់ៗខាងមុខនេះ យើងនឹងអាចឃើញមានស្មាតហ្វូនប្រើប្រាស់កាមេរ៉ា 200MP ដែលអនុញ្ញាតឲ្យរូបភាពកាន់តែដិតច្បាស់ខ្លាំង ដោយ Samsung កំពុងតែបង្ហើបជាបណ្ដើរៗមកហើយ។
ប្រភព: Cambo Report