Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

នេះគឺជារោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​តែដឹង



​ជា​ទូ​ទៅ ជំងឺ​មហារីក​មាត់​ស្បូន​មិន​លេច​ចេញ​រោគសញ្ញា​នៅ​ដំណាក់កាល​ដំបូង​ឡើយ​។ ប៉ុន្តែ​​គ្នា​យើង​អាច​នឹង​សង្កេត​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ នៅ​ពេល​ដែល​ជំងឺ​មហារីក​មួយ​នេះ​វិវត្ត​ចូល​ដំណាក់កាល​ចុង​ក្រោយ​។

អ្នក​​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន​

ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​មាត់​ស្បូន​។ កត្តា​ហានិភ័យ​មួយ​ចំនួន​​​ រួម​មាន​ មាន​ដៃ​គូ​រួម​ភេទ​ច្រើន​ អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​​ ប្រើប្រាស់​គ្រឿង​ញៀន​ ឬ​ជក់​បារី​ជា​ដើម។​ យ៉ាង​ណា​មិញ យើង​គប្បី​តាមដាន​រោគសញ្ញា​ទាំង​នេះ​ឲ្យ​បាន​ដិតដល់​ មុន​នឹង​យឺត​ពេល​។

១. ការ​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​មិន​ប្រក្រតី

បើ​គ្នា​យើង​សង្កេត​ឃើញ​​មាន​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​ខុស​ប្រក្រតី​ ដូចជា​ក្រោយ​រួម​ភេទ​រួច​​ ចន្លោះ​ពេល​មក​រដូវ ឬ​ក្រោយ​ពេល​អស់​រដូវ​ និង​មក​រដូវ​ច្រើន​ជាង​ធម្មតា ​ព្រម​ទាំង​មាន​រយៈពេល​យូរ​ ​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ហើយ។

២. ធ្លាក់​​ទឹក​រម្អិល​ពី​ទ្វារ​មាស​ខុស​ប្រក្រតី​

ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្លាក់​ទឹក​រម្អិល​អាច​ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​សុខភាព​​ជា​ច្រើន​ប្រភេទ រួម​ទាំង​ជំងឺ​មហារីក​មាត់​ស្បូន​ដែរ។ ការ​ធ្លាក់​ទឹក​រម្អិល​នេះ​ អាច​មាន​ពណ៌​ស្លេក​ពណ៌​ត្នោត​ ឬ​ពណ៌​ផ្កា​ឈូក​ ហើយក្រៅពីនេះ ​ក៏​អាច​មើល​​ទៅ​​ដូច​ទឹក​ ឬ​មាន​ឈាម​ ដោយ​មាន​ក្លិន​មិន​ល្អ ឬ​គ្មាន​ក្លិន​តែ​ម្ដង​។


៣. ទ្វារ​មាស​មាន​ក្លិន​មិន​ល្អ​

ក្លិន​ឆ្អេះ​ឆ្អាប​ចេញ​ពី​ទ្វារ​មាស​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ ដែល​កើត​ឡើង​ដោយ​សារ​តែ​សំណល់​សេសសល់​ក្នុង​ជញ្ជាំង​ទ្វារ​មាស និង​បង្កើត​បាក់តេរី​ប្រភេទ​ជាក់លាក់​មួយ​។

៤. ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ​

អាការៈ​ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​ ក៏​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ដូច​គ្នា​។ ដូច្នេះ​ហើយ សម្រាប់​ស្រី​ៗ​ដែល​​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​នេះ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​រោគ​ស្រ្តី​​ ទើប​ជា​ការ​ប្រសើរ​។

៥. ឈឺពោះ

ការឈឺចាប់នៅតំបន់អាងត្រគាក ឬឈឺពោះអាចជាសញ្ញាព្រមានមួយទៀតនៃជំងឺមហារីកមាត់ស្បូន។ ក្រុមគ្រូពេទ្យបានឲ្យដឹងថា អ្នកជំងឺមហារីកមាត់ស្បូនអាចជួបរោគសញ្ញានេះនៅដំណាក់កាលដំបូង ប៉ុន្តែក៏អាចនឹងមានការភ័ន្តច្រឡំទៅនឹងជំងឺមួយចំនួនទៀត ដែលធ្វើឲ្យយើងមានការពិបាកក្នុងការកំណត់ជំងឺដោយខ្លួនឯង។

៦. ឈឺចាប់នៅពេលនោម ឬបន្ទោបង់ និងនោមមានឈាម


បន្ថែមពីនេះ ការឈឺចាប់នៅពេលនោម និងនៅពេលបន្ទោបង់ក៏អាចជាសញ្ញាព្រមាននៃជំងឺមហារីកមាត់ស្បូន។ លើសពីនេះ រោគសញ្ញាមួយទៀតដ៏គួរឲ្យខ្លាចនោះ គឺនោមមានឈាម ដែលទាមទារឲ្យយើងត្រូវទៅពិនិត្យសុខភាពដោយគ្រូពេទ្យជំនាញភ្លាមៗ៕

ប្រភព: Hello គ្រូពេទ្


ពីមុន / Previous បន្ទាប់ / Next