១- នោមញឹក ឬពិបាកនោម
ជាទូទៅស្ត្រីពពោះតែងតែនោមញឹកញាប់ ជាពិសេសនៅត្រីមាសទី៣ តែម្ដង។ ប៉ុន្តែបើការនោមញឹកហើយនោះ មានសភាពក្រហាយ និងឈឺចាប់ មិនមែនជារឿងល្អឡើយ ព្រោះវាជាសញ្ញាបង្ករោគនៅប្លោកនោម ដែលកើតឡើងភាគច្រើនលើស្ត្រី ជាពិសេសស្ត្រីមានផ្ទៃពោះ។
២- ឈឺក្បាល
អាការៈឈឺក្បាលមិនបាត់សោះអំឡុងពេលពពោះនេះ អាចជារោគសញ្ញាជំងឺត្រៀមក្រឡាភ្លើង ដែលវាច្រើនតែកើតឡើងក្រោយពីពពោះបាន ២០ សប្ដាហ៍។
៣- ស្រវាំងភ្នែក
ប្រសិនបើយើងសង្កេតឃើញថាខ្លួនឯងមានបញ្ហាក្នុងការសម្លឹងមើលអ្វីមួយ ឬចេះតែស្រវាំងភ្នែក ក៏ជាសញ្ញាជំងឺត្រៀមក្រឡាភ្លើងដែរ។
៤- ស្រេកតែទឹក
មូលហេតុបណ្ដាលឲ្យស្រ្តីពពោះស្រេកទឹកមិនឈប់ អាចមកពីខ្សោះជាតិទឹកក្នុងខ្លួន ព្រោះមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ មានមេរោគផ្សិតលូតលាស់ក្នុងមាត់ មានបញ្ហាក្នុងការគេង ឬគេងមិនលក់។
៥- កម្ដៅខ្លួនលើសពី ៣៩ អង្សាសេ
អំឡុងពេលត្រីមាសទី១ ស្ត្រីមានផ្ទៃពោះតែងមានអាការៈក្ដៅខ្លួន ព្រោះតែប្រែប្រួលអ័រម៉ូន ដោយសារការធ្វើមេតាបូលីសមានការកើនឡើងខ្លាំង ទើបធ្វើឲ្យកម្ដៅក្នុងខ្លួនចេះតែកើនឡើង ដូច្នេះហើយម៉ាក់ៗតែងតែមានអារម្មណ៍ថាក្ដៅខ្លួនជានិច្ច។ ប៉ុន្តែបើកម្ដៅលើសពី ៣៩ អង្សាសេហើយនោះប៉ះពាល់ដល់សុខភាពកូនបាន។ ព្រោះការលូតលាស់ និងធំធាត់របស់គភ៌ក្នុងផ្ទៃ ត្រូវពឹងផ្អែកទៅលើរាងកាយម៉ាក់ដែលអាចថែរក្សាសីតុណ្ហភាពឲ្យនៅសុខភាពល្អបាន។
៦- ហើមដៃជើង ឬមុខភ្លាមៗ
ប្រសិនបើប្រអប់ដៃជើង និងមុខស្រាប់តែហើមភ្លាមៗនៅត្រីមាសទី២ ឬទី៣ វាប្រហែលជាអាការៈនៃការកើនឡើងជាតិទឹកក្នុងខ្លួនច្រើនហើយ។ ផ្ទុយទៅវិញ បើអាការៈហើមជើង ដៃ និងមុខមិនបាត់ក្នុងរយៈពេល១២ម៉ោងទេនោះ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានលឿន ដើម្បីបញ្ចៀសពីបញ្ហាជំងឺបម្រុងក្រឡាភ្លើង ដែលជាផលវិបាកនៃការមានផ្ទៃពោះដ៏ធ្ងន់ធ្ងរ។
ប្រភព÷ HelloKrupet