រុស្សីបានចាប់ផ្តើមបើកការវាយប្រហារលុកលុយ ចូលទៅក្នុងប្រទេសអ៊ុយក្រែន តាំងពីក្នុងអំឡុងខែកុម្ភៈកន្លងទៅមកម្លេះ ហើយក៏កំពុងតែបន្តមកទល់សព្វថ្ងៃដដែល។ ជាមួយសកម្មភាពនេះដែរ បានធ្វើឲ្យរុស្សីដាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាច្រើន ដែលរួមមានទាំង Google / Meta / Apple និងក្រុមហ៊ុនជាច្រើនទៀត។
ដោយសារតែការដាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនទាំងនោះហើយ បានធ្វើឲ្យពេលនេះរុស្សីកំពុងជួបប្រទះបញ្ហាផ្សេងមួយទៀត ពោលគឺមានការរាយការណ៍មកថា ប្រទេសនេះបានប្រើប្រាស់ទំហំផ្ទុកលើពពកសម្រាប់ម៉ាស៊ីនមេ (Cloud storage for servers) និងឧបករណ៍សំខាន់ៗផ្នែក IT ជិតអស់ហើយ។
ប្រភពចេញពីរុស្សីបានឲ្យដឹងថា សេវាកម្ម Cloud របស់បរទេសដូចជា Google និង Amazon ជាដើមនោះ មានតម្រូវការកើនឡើងទៅលើអង្គផ្ទុកក្នុងក្នុងស្រុកវិញ (Local Storage) ដែលធ្វើឲ្យប្រទេសនេះរំពឹងថា ទំហំផ្ទុកលើពពកនោះ នឹងត្រូវប្រើប្រាស់អស់ក្នុងអំឡុងពេលពីរខែខាងមុខទៀត។
ការខ្វះខាត Cloud Storage នេះដែរ អាចនឹងនាំឲ្យសេវាកម្មមិនសូវសំខាន់ក្នុងប្រទេសរុស្សីនាពេលនេះ ត្រូវបានបិទផ្អាកសិន ជាក់ស្ដែងដូចជា សេវាកម្ម Cloud Gaming / Music Streaming និង Platform បង្ហោះចែកចាយវីដេអូជាដើម។
ផលវិបាកទាំងអស់នេះ កើតឡើងដោយសារតែរុស្សីត្រូវបានរឹតបណ្តឹង លើការនាំចូលឧបករណ៍សំខាន់ផ្សេងៗពីប្រទេសចិន ជាក់ស្ដែងកន្លងទៅធ្លាប់មានរថយន្តដឹកទំនិញចំនួនពីររបស់ក្រុមហ៊ុនបរទេស ដែលផ្ទុកម៉ាស៊ីន Server ចូលទៅក្នុងប្រទេសរុស្សី ប៉ុន្តែគេបដិសេធមិនលក់ទៅឲ្យរុស្សីនោះទេ ដោយសារតែការដាក់ទណ្ឌកម្មមកលើប្រទេសនេះ៕
ប្រភព÷ Cambo Report