សម្រាប់ការឌីហ្សាញរូបរាងខាងក្រៅរបស់ Red Magic 7 គឺវាមានស្ទាយបែប Gaming សុទ្ធសាធតែម្ដង ហើយមានទម្រង់កាមេរ៉ាបញ្ឈរចុះក្រោម ស្រដៀងគ្នានឹង Red Magic 6 ជំនាន់មុនដែរ។ Red Magic 7 បំពាក់មកជាមួយអេក្រង់ 6.8 អ៊ីញជាប្រភេទ AMOLED មានកម្រិតបង្ហាញ FHD+ ជាមួយល្បឿន Refresh Rate ឡើងដល់ 165Hz ហើយក៏មានកម្រិតប៉ះបញ្ជា Touch Sampling Rate ដល់ទៅ 720Hz ទៀតផង។
អេក្រង់នេះគាំទ្របច្ចេកវិទ្យា 10-bit Color អាចបង្ហាញទឹកពណ៌ DCI-P3 បាន 100% ពេញ ហើយវាត្រូវបានក្រាលការពារដោយកញ្ចក់ Corning Gorilla Glass 5 ប៉ុណ្ណោះ មិនបានដល់ Gorilla Glass Victus នោះទេ។
Red Magic 7 ប្រើប្រាស់ឈីប Snapdragon 8 Gen 1 របស់ Qualcomm ជាមួយគ្នានឹងជម្រើសរ៉េមខ្ពស់បំផុតឡើងដល់ 18GB និងជម្រើសអង្គផ្ទុកខ្ពស់បំផុតដល់ 256GB ផងដែរ។ Nubia ប្រាប់ថា លើកនេះគេបានពង្រឹងទៅលើប្រព័ន្ធបន្ថយកម្តៅរបស់ Red Magic 7 ឲ្យកាន់តែប្រសើរជាងមុន ដោយពង្រីកឲ្យទំហំខ្យល់ចូលបានធំជាងមុន 35% ដើម្បីផ្តល់ឲ្យវា អាចធ្វើការបំភាយខ្យល់ក្ដៅចេញ និងស្រូបខ្យល់ត្រជាក់ចូលវិញ បានលឿនជាងមុនដល់ទៅ 400 ដងឯណោះ។
ប៉ុតុងបញ្ជាសម្រាប់ជំនួយដល់ការលេងហ្គេមលើកនេះ ក៏ត្រូវបានពង្រឹងបន្ថែមដូចគ្នា ដោយធ្វើឲ្យវាមានកម្រិត Touch Respond កាន់តែទាបមកនៅត្រឹម 7.4ms និងត្រូវបាន Nubia ក្រាលពីលើដោយសមាសធាតុថ្មី ដើម្បីជួយមិនឲ្យជាប់ញើសពីម្រាមដៃអ្នកប្រើទៀតផង។
សម្រាប់កាមេរ៉ាក្រោយ 3 គ្រាប់នោះ គឺមិនត្រូវបានផ្លាស់ប្តូរពី Red Magic 6 ឆ្នាំមុននោះទេ ដោយមានលេនគោលទំហំ 64MP ជាមួយលេនទូលាយ Ultrawide ទំហំ 8MP ហើយចុងក្រោយមួយគ្រាប់ទៀតនោះគឺជាលេន Macro ទំហំ 2MP ប៉ុណ្ណោះ ហើយសម្រាប់កាមេរ៉ាមុខវិញ វាមានបំពាក់មកមួយគ្រាប់ទំហំ 8MP។
ចូលដល់ថាមពលថ្ម Red Magic 7 បំពាក់មកទំហំ 4,500mAh ប៉ុណ្ណោះ មិនមែន 5,050mAh ដូចឆ្នាំមុនទេ ហើយសម្រាប់ទីផ្សារសកលកម្លាំងសាកខ្ពស់បំផុត ដែលគេផ្តល់ឲ្យគឺត្រឹម 65W មិនបានដល់ 120W ដូចក្នុងទីផ្សារចិនឡើយ ប៉ុន្តែយ៉ាងណា 65W គឺលឿនគ្រប់គ្រាន់ហើយ។
ចំណុចគួរឲ្យកត់សម្គាល់ផ្សេងៗទៀតមានដូចជា វាមានសេនស័រស្កេនស្នាមម្រាមក្រោមអេក្រង់, មានរន្ធដោតកាស 3.5mm, គាំទ្រ NFC, មាន Speaker Stereo ក៏ដូចជាដំណើរការដោយ Android 12 ស្រោបពីលើដោយ RedMagic OS 5.0 ជាដើម។ ចូលដល់តម្លៃ នៅក្នុងវេបសាយផ្លូវការសម្រាប់ទីផ្សារសកលរបស់ Nubia នោះ គឺបានដាក់លក់ Red Magic 7 ចាប់ផ្តើមពីខ្ទង់ ៦២៩ ដុល្លារ ចំពោះម៉ូឌែលរ៉េមទំហំ 12GB និងអង្គផ្ទុក 128GB ហើយជម្រើសធំបំផុតរ៉េម 18GB អង្គផ្ទុក 256GB នោះ មានតម្លៃខ្ទង់ ៧៩៩ ដុល្លារ។
ប្រភព÷ Cambo Report