មនុស្សភាគច្រើនប្រាកដជាបានដឹងហើយថា ប្រព័ន្ធសុវត្ថិភាពជាផ្នែកសំខាន់បំផុត នៅលើទូរសព្ទឆ្លាតក្នុងពេលបច្ចុប្បន្ននេះ ព្រោះតែវានៅជាមួយយើងគ្រប់ពេលវេលា និងដឹងពីយើងច្រើនថែមទៀតផង។ ហេតុដូច្នេះហើយ ក៏មានក្រុមខិលខូចមួយចំនួន ចង់ចូលទៅលួចទិន្នន័យសំខាន់ៗ ឬទីតាំងរបស់ទូរសព្ទ ដើម្បីយកទៅលក់បន្ដ ឬធ្វើអ្វីមួយអាក្រក់ ជាដើម។ យ៉ាងណា វិធីសាស្រ្ដពិនិត្យមើលនៅខាងក្រោមនេះ នឹងអាចជួយជៀសវាងបញ្ហាទាំងនោះបាន។
ពិនិត្យមើលកន្លែង Google Play Protect
នេះជាកន្លែងត្រួតពិនិត្យមើលមេរោគ ដែលបង្កើតឡើងមកដោយ Google ផ្ទាល់ ដូច្នេះយើងគួរតែបើកវាជារៀងរហូត ដើម្បីឲ្យវាជួយស្កេនរកមើលរោគជាប្រចាំ ដោយស្វ័យប្រវត្តិបាន។
ទីតាំង៖ ចូលទៅ Play Store > ចុចលើរូប Profile នៅជ្រុងខាងស្ដាំផ្នែកខាងលើ > ចុចលើពាក្យ Play Protect
ពិនិត្យមើលកន្លែង Accessibility
សម្រាប់ត្រង់កន្លែងនេះវិញ យើងនឹងរកមើលឈ្មោះកម្មវិធីចំនួន ៣ ដែលត្រូវបានគេរកឃើញថា ពួកវាជាកម្មវិធីមេរោគតាមដានទូរសព្ទបានច្រើនមកហើយ ដោយពួកវាលាក់ខ្លួនជាមួយឈ្មោះថា Accessibility ឬក៏ Device Health ផងដែរ។ បើសិនជាអ្នកឃើញឈ្មោះទាំងនោះ នៅលើផ្ទាំង Accessibility ដូច្នេះត្រូវតែចុចបិទភ្លាម។
ទីតាំង៖ ចូលទៅ Settings > System > Accessibility ឬក៏ស្វែងរកកន្លែងនោះដោយ Search វាយពាក្យ Accessibility
ពិនិត្យមើលថាតើមានកម្មវិធី Admin ដំឡើងនៅលើទូរសព្ទរបស់អ្នកឬទេ
ភាគច្រើនកម្មវិធី Admin ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនមួយចំនួន ដើម្បីគ្រប់គ្រងទូរសព្ទការងារ ដែលផ្ដល់ទៅឲ្យបុគ្គលិកណាមួយ ដោយវាងាយស្រួលឲ្យក្រុមហ៊ុនបញ្ជាឲ្យ ចាក់សោរ លុបទិន្នន័យ និងមុខងារផ្សេងៗទៀត។ ទោះបីជាយ៉ាងណាក៏ដោយ វាក៏ត្រូវបានប្រើប្រាស់ដោយ ក្រុមខិលខូច ដើម្បីតាមដានអ្នកប្រើប្រាស់ដូចគ្នា។ ដូច្នេះហើយ នៅពេលអ្នកឃើញមានកម្មវិធីឈ្មោះ System Service / Device Health ឬក៏ Device Admin នៅលើផ្ទាំង Device admin apps គឺត្រូវលុបវាចេញវិញ ដោយចុចលើពួកវា ហើយចុចពាក្យ Deactivate this device admin app តែម្ដង។
ទីតាំង៖ ចូលទៅ Settings > ស្វែងរកកន្លែងនោះដោយ Search វាយពាក្យ Device admin apps
ពិនិត្យមើលកម្មវិធីមេរោគដែលត្រូវលុបចោល
កម្មវិធីមេរោគមិនបង្ហាញឲ្យឃើញនៅលើ Home Screen ផ្ទាល់នោះទេ ទាល់តែចូលទៅកាន់ Settings ទើបយើងអាចលុបពួកវាបាន។ ចំណែកឯកម្មវិធីមេរោគខាងក្រោមនេះ ត្រូវបានគេរកឃើញថា អាចចូលទៅមើលប្រតិទិន ទិន្នន័យទូរសព្ទហៅចេញហៅចូល កាមេរ៉ា សៀវភៅលេខទូរសព្ទ និងទីតាំងរបស់ទូរសព្ទ ថែមទៀតផង។
ទីតាំង៖ ចូលទៅ Settings > Apps > លុបកម្មវិធីមេរោគឈ្មោះ Device Health ឬ System Service
បញ្ជាក់៖ ប្រសិនបើជាកម្មវិធីពិត នោះយើងនឹងមិនឃើញមានប៊ូតុងលុប ( Uninstall ) នោះទេ។
ចំពោះវិធីសាស្រ្ដខាងលើនេះ គឺវាមានប្រសិទ្ធិភាពលុបមេរោគបានជាច្រើន ដោយរួមមានដូចជា Copy9 / MxSpy / TheTruthSpy / iSpyoo / SecondClone / TheSpyApp / ExactSpy / FoneTracker និង GuestSpy ថែមទៀតផង។ សង្ឃឹមថាអត្ថបទនេះ អាចជួយដល់អ្នកទាំងអស់គ្នាបាន ហើយប្រសិនបើអ្នកមិនឃើញមាន ឈ្មោះកម្មវិធីទាំងអស់នោះ នៅលើទូរសព្ទរបស់អ្នកទេ ក៏កាន់តែល្អប្រសើរផងដែរ៕
ប្រភព÷ Cambo Report