រាងរាល់ទូរសព្ទលំដាប់កំពូលដែលចេញមក គឺតែងតែមានអ្នកធ្វើវីដេអូនៅក្នុង YouTube យកវាទៅតេស្តពីភាពធន់មិនខាន ជាក់ស្ដែងដូចជា OnePlus 10 Pro អញ្ចឹងដែរ ថ្មីៗនេះ YouTuber ដែលមានឆាណែលឈ្មោះថា JerryRigEverything បានធ្វើតេស្តបង្ហាញពីភាពធន់របស់វា ហើយនៅពេលដល់ដំណាក់កាលកាច់ទូរសព្ទ OnePlus 10 Pro បានបង្ហាញចំណុចគួរឲ្យខកចិត្តមួយ។
យោងតាមវីដេអូរបស់ម្ចាស់ឆាណែល YouTube ខាងលើ គឺគេបានកាច់បាក់ OnePlus 10 Pro ជាពីរយ៉ាងងាយតែម្ដង ហើយកន្លែងដែលបាក់នោះ គឺស្ថិតនៅក្រោមកាមេរ៉ាបន្តិច។ បន្ទាប់ពីបានកាច់បាក់នោះហើយ គាត់ក៏បានធ្វើការបើកមើលគ្រឿងរបស់ OnePlus 10 Pro ដែរ ហើយឃើញថាកន្លែងដែលបាក់គឺស្ថិតនៅខាងលើថ្មចំតែម្ដង ដែលមើលទៅគឺហាក់ដូចជាទីតាំងត្រូវបាន OnePlus ដាក់ថ្ម បូករួមជាមួយស៊ុមលោហៈជុំវិញរបស់វា មានលក្ខណៈស្ដើងផងនោះ បានបង្កើតជាលក្ខខណ្ឌមួយ បង្ករភាពងាយស្រួលក្នុងការបាក់ជាពីរតែម្ដង។ អ្នកទាំងអស់គ្នាអាចមើលបន្ថែមតាមវីដេអូខាងក្រោម៖
នេះជាចំណុចខ្សោយធំមួយរបស់ OnePlus 10 Pro ព្រោះថាយើងកម្រនឹងឃើញទូរសព្ទលំដាប់កំពូលណាមួយ ដែលចេញក្នុងឆ្នាំ 2021 ឬមកដល់ 2022 នេះ អាចឲ្យអ្នកតេស្តកាច់បាក់ជាពីរបាននោះឡើយ យ៉ាងខ្លាំងបំផុតគេគ្រាន់តែអាចធ្វើឲ្យកោងបន្តិចប៉ុណ្ណោះ មិនអាចដល់បាក់នោះទេ។
តែទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលកំពុងពិចារណាលើ OnePlus 10 Pro នោះ ចំណុចកាច់បាក់ជាពីរនេះ គឺអាចមិនមែនជាបញ្ហាធំ មករារាំងការគិតរបស់អ្នកទេ ព្រោះបើអ្នកទិញមក ក៏មិនមែនយកវាមកកាច់តេស្តលេងដែរ ត្រូវទេ? ដោយនេះគ្រាន់តែជាការបង្ហាញជាក់ស្ដែងមួយ ឲ្យយើងឃើញពីភាពធន់របស់វាតែប៉ុណ្ណឹង៕
ប្រភព÷ Cambo Report