Pastor Khat Sokkim

កម្ពុជាត្រូវការសន្តិភាព សូមបន្តអធិស្ឋានសម្រាប់កម្ពុជា / Cambodia Need Peace, Please Continually Pray For Cambodia

OPPO Find X5 Series ចេញផ្លូវការ ប្រើឈីប Snapdragon 8 Gen 1 អេក្រង់ 2K 120Hz


បន្ទាប់ពីមានការបង្ហើបប្រាប់ ក៏ដូចជាមានការបែកធ្លាយជាច្រើនលើកច្រើនសាររួចមក កាលពីយប់មិញនេះ OPPO បានប្រកាសចេញទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការហើយ នោះគឺ OPPO Find X5 Series ដោយវាមានចំនួនពីរម៉ូឌែលដូចជា OPPO Find X5 និង Find X5 Pro។ ដោយសារតែវាទាំងពីរមានចំណុចខុសគ្នាច្រើនដែរ ដូច្នេះក្នុងអត្ថបទខាងក្រោម នឹងមានការបែងចែកចេញជាពីរ ដោយដំបូងចាប់ពីម៉ូឌែល Pro មុនគេ។


OPPO Find X5 Pro ជាម៉ូឌែលបន្តតំណែងពី Find X3 Pro កាលពីឆ្នាំមុន ហើយចំណុចគួរឲ្យអារម្មណ៍របស់វា គឺត្រង់ថា នៅបន្តអត្តសញ្ញាណឌីហ្សាញខ្នងខាងក្រោយប្លែកពីគេដដែល ដោយមានប្រអប់កាមេរ៉ាជាបន្ទះសេរ៉ាមិចតែមួយដែលស្រោបលើតួខ្លួន ហើយវារាងផុសហើបឡើង ដើម្បីផ្ទុកសេនស័រកាមេរ៉ា ចំនួន ៣ គ្រាប់ ជាមួយនឹង Flash LED ផងដែរ។ សមាសធាតុសេរ៉ាមិចនេះដែរ ត្រូវបាន OPPO ប្រាប់ថារឹងមាំ និងការពារឆ្កូតបានល្អជាងកញ្ចក់នៅលើ Find X3 Pro ជំនាន់មុន ហើយក៏មិនងាយចម្លងកម្តៅដូចកញ្ចក់ដែរ។ នៅខាងក្រោយលើកនេះ យើងមិនត្រឹមតែឃើញមាន Logo OPPO ទេ ប៉ុន្តែក៏មាន Logo ក្រុមហ៊ុនកាមេរ៉ា Hasselblad មកដែរ នេះគឺដោយសារតែពួកគេសហការគ្នា ដើម្បីធ្វើឲ្យប្រព័ន្ធកាមេរ៉ារបស់ Find X5 Series កាន់តែប្រសើរ។ សម្រាប់ការឌីហ្សាញខាងមុខ គឺស្ទើរតែមិនខុសគ្នាពីឆ្នាំមុនទៅហើយ ដោយមានអេក្រង់លាតកោងគែមសងខាងបន្តិច ជាមួយគ្នានឹងលេនទំលុះអេក្រង់មួយគ្រាប់ ដាក់នៅផ្នែកខាងលើ កៀនខាងឆ្វេង។


OPPO Find X5 Pro បានបំពាក់មកជាមួយអេក្រង់ទំហំ 6.7 អ៊ីញដូចឆ្នាំមុនដែរ ប៉ុន្តែលើកនេះជាអេក្រង់ AMOLED ជំនាន់ថ្មី ដែលមានបច្ចេកវិទ្យា LTPO 2.0 មានន័យថា អេក្រង់នេះអនុញ្ញាតឲ្យល្បឿន Refresh Rate របស់វាធ្វើការឆ្លាស់ឡើងចុះទៅមកបានពី 1Hz ទៅដល់ 120Hz ដែលជួយបានកាន់តែច្រើនទៅលើការសន្សំថាមពលថ្ម។ នេះជាអេក្រង់ 2K ដែលមានដង់ស៊ីតេ 525ppi ហើយក៏ជាប្រភេទអេក្រង់ 10-bit Color ដែរ ចំណែកឯចំណុចថ្មីដែលមានលើអេក្រង់នេះ គឺ OPPO អះអាងថា វាបំពាក់មកជាមួយបច្ចេកវិទ្យា Environmental Adaptive Technology 2.0 ដើម្បីជួយទៅបង្កើនពន្លឺ និងបង្កើនទឹកពណ៌អេក្រង់ដោយស្វ័យប្រវត្តិ អាស្រ័យតាមមជ្ឈដ្ឋានជុំវិញខ្លួនអ្នកប្រើ ដើម្បីកែតម្រូវយ៉ាងណា កុំឲ្យប៉ះពាល់ដល់ភ្នែករបស់ពួកគេ។


កាមេរ៉ា៖ បើមើលលក្ខណៈសម្បត្តិកាមេរ៉ាដែល OPPO បានបង្ហាញ ឃើញថាវាមិនខុសពីឆ្នាំមិនប៉ុន្មានឡើង ប៉ុន្តែអ្វីដែលខុសគ្នាគឺសមត្ថភាពដែលត្រូវបានគេពង្រឹងបន្ថែម ជាក់ស្ដែងលេនគោលរបស់វាបន្តមានទំហំ 50MP ជាសេនស័រ Sony IMX766 ចំណែកឯលេន Ultrawide ក៏ប្រើប្រាស់សេនស័រតែមួយនេះដូចគ្នា ចំពោះលេន Telephotos នោះ វាបំពាក់មកទំហំ 13MP អាចពង្រីកបែប Hybrid Optical Zoom បាន 5 ដង និង Digital Zoom បាន 20 ដង។ កាមេរ៉ាមុខរបស់វាមានទំហំ 13MP ជាសេនស័រ IMX709 របស់ Sony។ ចំណុចដែល OPPO បានផ្តោតជាងគេលើសមត្ថភាពកាមេរ៉ានេះ គឺទាក់ទងនឹងការបំពាក់អង្គគណនារូបភាពថ្មីផ្ទាល់ខ្លួន MariSilicon X ដោយត្រូវបានគេអះអាងថា មានសមត្ថភាពគណនា នឹងទៅពង្រឹងគុណភាពរូបភាព ឬវីដេអូបានកាន់តែប្រសើរជាងមុន។ ការសហការជាមួយ Hasselblad គឺបាននាំយកស្ទាយនៃការចាក់ទឹកពណ៌លើរូបភាពតាមរសជាតិរបស់ Hasselblad មកកាន់ Find X5 Pro ហើយបន្ថែមពីនេះ វាក៏មានភ្ជាប់មកជាមួយជម្រើស Filter របស់ Hasselblad មកជាជម្រើសសម្រាប់អ្នកប្រើប្រាស់ដែរ។


កម្លាំងម៉ាស៊ីន និងថាមពលថ្ម៖ Find X5 Pro បានភ្ជាប់មកជាមួយឈីប Snapdragon 8 Gen 1 ហើយវាមានជម្រើសរ៉េម  និងអង្គផ្ទុកមួយប្រភេទប៉ុណ្ណោះគឺ 12GB / 256GB ផងដែរ។ សម្រាប់ថាមពលថ្មវិញ ក៏ត្រូវបាន OPPO បំពាក់មកកាន់តែប្រសើរជាងមុនដូចគ្នាដោយឡើងដល់ 5,000mAh ហើយកាន់តែពិសេស វាគាំទ្រជាមួយមុខងារសាកថ្មតាមខ្សែដល់ 80W និងឥតខ្សែដល់ 50W ទៀតផង។ ជម្រើសពណ៌របស់វាគឺមាន ៣ ប្រភេទដូចជា ស ខ្មៅ និងពណ៌ខៀវបែបផ្ទៃមេឃ។


OPPO Find X5

សម្រាប់ម៉ូឌែលធម្មតា Find X5 នេះ វាមានការឌីស្សាញស្រដៀងម៉ូឌែល Pro ច្រើនដែរ គ្រាន់តែក្នុងប្រអប់កាមេរ៉ាក្រោយរបស់វា មានពណ៌ខ្មៅសុទ្ធតែម្ដង មិនថាជម្រើសពណ៌មួយណាទេ ហើយសម្រាប់ខ្នងក្រោយវិញ ជាកញ្ចក់សាច់ម៉ត់ជំនួសឲ្យសេរ៉ាមិចលើម៉ូឌែល Pro។ ម៉ូឌែលនេះមានអេក្រង់ទំហំ 6.55 អ៊ីញជាប្រភេទ AMOLED កម្រិតបង្ហាញ FHD+ ជាមួយដង់ស៊ីតេ 402ppi និងមិនមានបច្ចេកវិទ្យា LTPO ទេ ប៉ុន្តែគាំទ្រល្បឿន Refresh Rate 120Hz ដូចគ្នា។


កាមេរ៉ាក្រោយរបស់ Find X5 គឺដូចគ្នាទាំងស្រុងទៅនឹង Find X5 Pro មិនថាមុខងារដែលបានមកពីការសហការជាមួយ Hasselblad នោះទេ ដែលនេះគឺជារឿងល្អមួយ។ កាមេរ៉ាមុខវិញមានទំហំ 13MP ដូចគ្នា ប៉ុន្តែប្រើសេនស័រខុសគ្នា ជាក់ស្ដែងម៉ូឌែលធម្មតានេះ ប្រើប្រាស់សេនស័រ Sony IMX615 វិញ។


រីឯបន្ទះឈីបវិញក៏ជាចំណុចខុសគ្នាដែរ ដោយ OPPO Find X5 បំពាក់មកត្រឹមឈីប Snapdragon 888 ជំនាន់ចាស់ប៉ុណ្ណោះ ប៉ុន្តែឈីប NPU MariSilicon X របស់ OPPO នោះ នៅតែមានលើម៉ូឌែលនេះដូចគ្នា។ ថាមពលថ្មត្រូវបាន OPPO បន្ថយពីម៉ូឌែល Pro មកនៅត្រឹម 4,800mAh ជាមួយមុខងារសាកថ្មល្បឿនលឿនដល់ 80W ដូចគ្នា ប៉ុន្តែការសាកថ្មឥតខ្សែថយមកនៅត្រឹម 30W វិញ។


OPPO Find X5 Series សុទ្ធតែដំណើរការដោយ ColorOS 12.1 ស្រោបពីលើ Android 12, មាន Speaker Stereo ហើយនៅលើម៉ូឌែល Pro OPPO បានអះអាងថា មានភ្ជាប់មុខងារការពារទឹក និងធូលីពេញលេញ IP68 ខណៈម៉ូឌែលធម្មតាមិនមានការបញ្ជាក់ច្បាស់នោះទេ។


សម្រាប់តម្លៃ នៅទីផ្សារអឺរ៉ុបត្រូវបាន OPPO ដាក់លក់ចាប់ពីខ្ទង់ ១,១១៥ ដុល្លារ ចំពោះម៉ូឌែល Find X5 រ៉េម 8GB / 256GB ខណៈម៉ូឌែល OPPO Find X5 Pro វិញ មានតម្លៃខ្ទង់ ១,៤៥០ ដុល្លារ។

ប្រភព÷ Cambo Report


ពីមុន / Previous បន្ទាប់ / Next