បន្ទាប់ពីទន្ទឹងរង់ចាំ អស់រយៈពេលប៉ុន្មានសប្តាហ៌កន្លងមក វត្តមានស្មាតហ្វូនកម្រិតបង្គួរម៉ូឌែល V23 5G របស់ vivo បានមកដល់ជាផ្លូវការហើយ។ អ្វីដែលយើងបានមើលឃើញ សម្រាប់ការបង្ហាញខ្លួននៃស្មាតហ្វូនត្រកូល V ម៉ូឌែល vivo V23 5G ជំនាន់ថ្មីនេះ គឺទទួលបាននូវការចាប់អារម្មណ៌ច្រើន ក្រោយលេចចេញរូបរាងប្លែកថ្មី ខុសពីម៉ូឌែលជំនាន់មុនៗ។
ចំពោះស្មាតហ្វូន vivo V23 5G នេះ ត្រូវបានធ្វើការរចនាឡើងយ៉ាងល្អ ជាមួយនឹងផ្ទៃខាងក្រោយមានសភាពគ្រើម ប៉ះនិងពន្លឺ UV ឬពន្លឺព្រះអាទិត្យ តួខ្លួនមានសភាពភ្លឺផ្លេកៗ និងមានការប្រែពណ៌គួឲ្យចាប់អារម្មណ៍ ខុសប្លែកពីស្មាតហ្វូនដទៃ។ V23 5G បានប្រើប្រាស់កញ្ចក់ Fluorite AG ចុងក្រោយ ដែលផ្តល់ភាពងាយស្រួលក្នុងការចាប់កាន់ និងមិនឆក់ស្នាមម្រាមដៃ។ រីឯគែមជុំវិញទូរសព្ទ ត្រូវបានរចនាកាន់តែស្តើង ដើម្បីមានភាពងាយស្រួល នៅពេលដែលអ្នកប្រើប្រាស់។ vivo V23 5G បានបំពាក់មកជាមួយកាមេរ៉ាមុខភ្លោះ ដោយគ្រាប់ទីមួយ មានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 8MP Ultrawide ដែលអាចថតបានមុំ ១០៥ ដឺក្រេ ចំពោះផ្នែកកាមេរ៉ាខាងក្រោយ មានចំនួន ៣ គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 64MP និងគ្រាប់ទីពីរមានទំហំ 8MP Ultrawide ១២០ ដឺក្រេ ចំណែកគ្រាប់ទីបីចុងក្រោយ មានទំហំ 2MP ជា Macro លេន នឹងមាន Flash LED បង្កប់ពីរគ្រាប់ ផងដែរ។ ស្មាតហ្វូននេះ ដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ Android 12 ស្រោបដោយស្បែក FunTouch OS 12 ជំនាន់ថ្មី ដែលបាននាំមកនូវ Widget ប្រកបដោយភាពច្នៃប្រឌិត។
vivo V23 5G មានអេក្រង់ទំហំ 6.44-inch គែមរាបស្មើ 2.5D ប្រភេទកញ្ចក់ AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត FHD+ (2400×1080 Px) ជាមួយល្បឿន Refresh Rate 90Hz និងបានបំពាក់មកជាមួយសេនស័រស្កេនម្រាមដៃលើផ្ទៃអេក្រង់ផងដែរ។ V23 5G ប្រើប្រាស់បន្ទះឈីប MediaTek Dimensity 920 មានរ៉េមធំទំហំ 12GB បូករ៉េមជំនួយ 4GB និងមានមេម៉ូរីទំហំដល់ទៅ 256GB។ ស្មាតហ្វូននេះមានថ្មទំហំ 4,200mAh គាំទ្រកម្លាំងសាកថ្មល្បឿនលឿន 44W Fast Charging (11V/4A)។ vivo V23 5G មានពីរពណ៌ សម្រាប់ជ្រើសរើស Sunshine Gold និង Stardust Black។
សម្រាប់អតិថិជន អាចធ្វើការរកជាវជាមួយនឹងស្មាតហ្វូន vivo V23 5G បាន ចាប់ពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ ជាមួយនឹងតម្លៃ $549 និងមានការបន្ថែមជូនកាដូ គឺជញ្ជីងឆ្លាតវៃដ៏ស្រស់ស្អាត ចំនួនមួយទៀតផងដែរ។ សម្រាប់ការដាក់លក់របស់ស្មាតហ្វូន V23 5G នៅលើទីផ្សារ គឺមានចំនួនកំណត់។
ប្រភព÷ Cambo Report