ប្រភពពីសារព័ត៌មាន New York Post បានឱ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុន Meta កំពុងពិចារណាបិទ Facebook និង Instagram នៅអឺរ៉ុប ប្រសិនបើខ្លួនមិនអាចបន្តផ្ទេរទិន្នន័យរបស់អ្នកប្រើប្រាស់ ទៅកាន់សហរដ្ឋអាមេរិកបានទេ។
ការអះអាងនេះ បានធ្វើឡើងដោយមេធំរបស់ក្រុមហ៊ុនលោក Mark Zuckerberg ខណៈមន្ត្រីនៅក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងពិចារណាបង្កើតកិច្ចព្រមព្រៀងផ្ទេរទិន្នន័យឆ្លងមហាសមុទ្រអាត្លង់ទិកថ្មី។
ការព្រមានរបស់លោក Mark Zuckerberg ក៏ព្រោះតែតុលាការយុត្តិធម៌របស់សហភាពអឺរ៉ុបបានច្រានចោលកិច្ចព្រមព្រៀងពីមុន អំពីការការពារឯកជនភាពក្នុងឆ្នាំ២០២០ ដោយមិនព្រមឱ្យក្រុមហ៊ុន Meta ផ្ទេរទិន្នន័យទៅសហរដ្ឋអាមេរិក ព្រោះយល់ថាវាមិនអាចធានាសុវត្ថិភាពទិន្នន័យសម្រាប់ប្រជាជនអឺរ៉ុប។
ក្រុមហ៊ុន Meta ថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា ប្រសិនបើគោលការណ៍ផ្ទេរទិន្នន័យឆ្លងដែនអាត្លង់ទិកថ្មី មិនត្រូវបានអនុម័ត ហើយយើងមិនអាចបន្តពឹងផ្អែកលើ SCCs (standard contractual clauses) ឬពឹងផ្អែកលើមធ្យោបាយផ្សេងទៀតនៃការផ្ទេរទិន្នន័យពីអឺរ៉ុបទៅសហរដ្ឋអាមេរិកទេ យើងទំនងជាមិនអាច ដើម្បីផ្ដល់ជូននូវផលិតផល និងសេវាកម្មសំខាន់ៗមួយចំនួនរបស់យើង រួមទាំង Facebook និង Instagram នៅអឺរ៉ុបបានឡើយ។
ស្របពេលជាមួយគ្នាដែរ ប្រសិនបើទិន្ន័យអ្នកប្រើប្រាស់បន្តផ្ទុកនៅអឺរ៉ុប ក្រុមហ៊ុន Meta ថាខ្លួននឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលនៃប្រតិបត្តិការផ្សេងទៀត។
យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានរំលឹកផងដែរថា ខ្លួនគ្មានបំណងដកខ្លួនចេញពីអឺរ៉ុបទេ ខណៈក្រុមហ៊ុន Meta សុំត្រឹមតែអឺរ៉ុបយល់ព្រមឱ្យក្រុមហ៊ុនផ្ទេរទិន្នន័យពីសហភាពអឺរ៉ុប ទៅសហរដ្ឋអាមេរិកប៉ុណ្ណោះ៕
ប្រភព÷ Kampuchea News