ដូចយើងបានដឹងហើយថា កាលពីពេលគន្លងមកមានការបង្ហើបប្រាប់ជាច្រើនលើកច្រើនសារមកហើយពីសំណាក់ Redmi ទាក់ទងនឹងទូរសព្ទហ្គេមលំដាប់កំពូលដំបូងរបស់គេ ហើយគិតមកទល់ពេលនេះ គេបានប្រកាសចេញជាផ្លូវការហើយ ដោយត្រូវបានគេដាក់ឈ្មោះថា Redmi K40 Gaming Edition ។ មិនខុសទេ វាជាម៉ូឌែល Gaming ដែលស្ថិតក្នុងត្រកូល K40 ដែរ ប៉ុន្តែលើកនេះ Redmi បានដាក់បញ្ចូលបន្ថែមនូវបច្ចេកវិទ្យាសំខាន់ៗជាច្រើនទៀត និងបានធ្វើការរចនារូបរាងខាងក្រៅថ្មី ឲ្យមើលទៅសាកសមជាទូរសព្ទហ្គេមតែម្ដង។
ពិតប្រាកដណាស់ Redmi K40 Gaming Edition មានទំហំតួខ្លួន ប្រហាក់ប្រហែលគ្នានឹង Redmi K40 ដែរ គ្រាន់តែលើកនេះ វាត្រូវបានគេរចនាស្ទាយម៉ូតខ្នងខាងក្រោយថ្មី និងឈូសស៊ុមជុំវិញឲ្យរាបស្មើនៅផ្នែកខ្លះ ដើម្បីឲ្យវាស្និទ្ធជាមួយដៃអ្នកកាន់ប្រើបានល្អ។ អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំនឹងធ្វើការរៀបរាប់ពីលក្ខណៈសម្បត្តិរបស់វាដូចតទៅនេះ ÷
ផ្នែកអេក្រង់:
Redmi K40 Gaming Edition ស្រដៀងគ្នានឹងម៉ូឌែលមុនដែរ ដោយលើកនេះយើងទទួលបានអេក្រង់ទំហំ ៦.៦៧ អ៊ីញជាប្រភេទអេក្រង់ AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត FHD+ ( 1080 x 2400 Px) នឹងមានកម្រិតអេក្រង់ Refresh Rate 120Hz កាន់តែពិសេសជាងមុន លើកនេះវាគឺជាអេក្រង់ 10-bit Colors គាំទ្រ HDR10+ ព្រមទាំងមានកម្រិតប៉ះបញ្ជាឡើងដល់ 480Hz ថែមទៀតផង។
ផ្នែកកាមេរ៉ា:
សម្រាប់ផ្នែកកាមេរ៉ារបស់វាវិញ បើយោងតាមលក្ខណៈសម្បត្តិដែលគេបង្ហាញនោះ គឺថាវាមិនប្រសើរដូចម៉ូឌែល Redmi K40 Pro និង Pro+ ឡើយ ដោយវាបានបំពាក់លេនគោលទំហំ 64MP ជាមួយលេនទូលាយ Ultrawide ទំហំ 8MP និងចុងក្រោយគឺជាលេន Macro ទំហំ 2MP ប៉ុណ្ណោះ។ សម្រាប់កាមេរ៉ាមុខរបស់វាវិញ គឺមានសេនស័រមួយគ្រាប់ទំហំ 16MP ផងដែរ។
ផ្នែកកម្លាំងម៉ាស៊ីន:
ចូលទៅដល់កម្លាំងម៉ាស៊ីន វាមិនបានប្រើឈីបកំពូលរបស់ Qualcomm ឡើយ ប៉ុន្តែងាកទៅប្រើឈីបកំពូលរបស់យីហោ MediaTek វិញ ពោលគឺ Dimensity 1200 (MT6893) អមមកជាមួយជម្រើសរ៉េម ៣ ប្រភេទដូចជា 6GB 8GB និង 12GB ចំណែកឯអង្គផ្ទុកវិញគឺមានទំហំ 128GB និង 256GB។ Redmi K40 Gaming Edition ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 ស្រោបដោយ MIUI V12 ។ K40 Gaming Edition មានវិមាត្រតួរខ្លួន 76.9 x 161.9 x 8.3 mm នឹងមានទម្ងន់ 205g ។ សម្រាប់ថាមពលថ្មវិញ វាមានទំហំ 5,065mAh និងគាំទ្រកម្លាំងសាកថ្មល្បឿនលឿនដល់ទៅ 67W ឯណោះ។ Redmi ក៏បានអះអាងដែរថា ទូរសព្ទហ្គេមរបស់គេនេះ បានបំពាក់មកជាមួយបច្ចេកវិទ្យាកាត់បន្ថយកម្តៅហៅថា LiquidCool ដោយអាចធ្វើការបន្ថយកម្តៅពេលលេងហ្គេមបានយ៉ាងប្រសើរទៀតផង។
ផ្នែកតម្លៃ ជម្រើសពណ៌ និងចំណុចសំខាន់ផ្សេងៗ:
ចំណុចសំខាន់ៗក្រៅពីនេះ យើងឃើញថា Redmi បានសហការជាមួយ JBL ដើម្បីធ្វើឲ្យ Speaker នៅលើទូរសព្ទហ្គេមរបស់គេកាន់តែប្រសើរ ជាក់ស្ដែងនៅលើស៊ុមរបស់វា ក៏បានបញ្ជាក់យ៉ាងច្បាស់នូវពាក្យថា Sound By JBL ផងដែរ។
ចំពោះចំណុចសំខាន់ផ្សេងៗទៀតនោះ គឺថា Redmi K40 Gaming Edition ក៏គាំទ្រជាមួយ 5G បាន មាន NFC ប្រើប្រាស់ Bluetooth 5.2 WiFi 6 ហើយកាន់តែប្រសើរ វាក៏បានភ្ជាប់មកជាមួយអាវក្រោះការពារទឹកនិងធូលីកម្រិតស្រាល IP53 ថែមទៀតផង។ សម្រាប់ជម្រើសពណ៌វិញ Redmi បានផ្តល់ឲ្យអ្នកប្រើប្រាស់ទូទៅចំនួន ៣ ប្រភេទរួមមាន ពណ៌ស ប្រផេះ និងចុងក្រោយគឺពណ៌ខ្មៅ ប៉ុន្តែគេក៏មានម៉ូឌែល Edition សម្រាប់ពណ៌មួយទៀតដែរ នោះគឺ Bruce Lee Special Edition ដែលមានការរចនារូបរាងខាងក្រៅពណ៌លឿងលាយខ្មៅ និងមានស្ទាយផ្នែក Software ខាងក្នុងឲ្យស៊ីគ្នានិងខាងក្រៅតែម្ដង។
ទៅលើផ្នែកតម្លៃ សូមបញ្ជាក់ដែរ យើងមិនទាន់ប្រាកដនោះទេថា Xiaomi និងនាំយកទូរសព្ទហ្គេមយីហោ Redmi ខាងលើមកកាន់ទីផ្សារសកល ឬអត់ ប៉ុន្តែសម្រាប់ទីផ្សារស្រុកចិន យើងឃើញថា គេបានដាក់លក់ក្នុងតម្លៃសមរម្យមែនទែន ពោលគឺម៉ូឌែលទាបបំផុត ដែលមានរ៉េមទំហំ 6GB និងអង្គផ្ទុក 128GB មានតម្លៃជាង ១ លាន ២៣ ម៉ឺនរៀល ឬ ៣០៩ ដុល្លារ ខណៈម៉ូឌែលខ្ពស់បំផុតរ៉េម 12GB / 256GB វិញ ត្រូវបានដាក់លក់ជាង ១ លាន ៦៦ ម៉ឺនរៀល ឬ ៤១៦ ដុល្លារផងដែរ៕
អញ្ចឹងទាំងអស់នេះហើយគឺជាលក្ខណៈសម្បត្តិរបស់ Redmi K40 Gaming Edition ។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ជីកឬក៏មិនជីក?
កែសម្រួលដោយ: Khat Sokkim
ប្រភព: Cambo Report